(បរទេស)៖ តុលាការក្នុងប្រទេសអេស្ប៉ាញនាពេលថ្មីៗនេះ បានបង្គាប់ឲ្យតារាចម្រៀងល្បីរបស់កូឡំប៊ីនាង Shakira ចូលខ្លួនក្នុងសវនាការ ដើម្បីដោះស្រាយជុំវិញករណី ក្លែងបន្លំការបង់ពន្ធ ក្នុងចំនួនទឹកប្រាក់២០លានដុល្លារ ខណៈព្រះរាជអាជ្ញាបានស្នើទៅតុលាការឲ្យមានការកាត់ទោសតារារូបនេះ ជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ។ នេះបើតាមការបង្ហាញតាមរយៈឯកសារមួយនៅថ្ងៃអង្គារ៍សប្តាហ៍នេះ និងដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមសេចក្តីសម្រេចដែលបានផ្សព្វផ្សាយជាសាធារណៈ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា តុលាការនៅទីក្រុង បាសេឡូណា បានបញ្ជាឲ្យតារាចម្រៀង Shakira ចូលខ្លួនក្នុងសវនាការ ដើម្បីកាត់ទោសពីបទឧក្រិដ្ឋចំនួន៦ករណី ជុំវិញការក្លែងបន្លំពន្ធ។

ព្រះរាជអាជ្ញាក្នុងប្រទេសអេស្ប៉ាញ កាលពីខែកក្កដាកន្លងទៅ បាននិយាយថា ពួកគេបានស្វែងរកភស្តុតាងនានា ដើម្បីឲ្យមានការកាត់ទោសតារាចម្រៀង Shakira ជាប់ពន្ធនាគារច្រើនជាង៨ឆ្នាំ រួមនឹងប្រាក់ពិន័យជិត ២៤លានអ៉ឺរ៉ូ បន្ទាប់ពីតារារូបនេះច្រានចោលកិច្ចព្រមព្រៀងមួយ ជុំវិញការចោទប្រកាន់ពីបទ គេចពន្ធ។ បន្ថែមពីនេះ តារាចម្រៀង Shakira ត្រូវបានចោទប្រកាន់ថា បានបន្លំការបង់ពន្ធក្នុងប្រទេសអេស្ប៉ាញចំនួន ១៤.៥លានអ៉ឺរ៉ូ ឬខ្ទង់២០លានដុល្លារ លើប្រាក់ចំណូលដែលទទួលបានចន្លោះឆ្នាំ២០១២ និង២០១៤ ខណៈមូលហេតុដែលតារារូបនេះជាប់ពន្ធនៅអេស្ប៉ាញ ដោយសារតែនាងបានផ្លាស់ទៅរស់នៅក្នុងប្រទេសអេស្ប៉ាញ នៅពេលដែលមានទំនាក់ទំនងស្នេហាជាមួយ កីឡាករបាល់ទាត់អេស្ប៉ាញ Gerard Pique។

ជុំវិញបញ្ហានេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេធាវីរបស់ Shakira បាននិយាយថា «ការបញ្ជាឱ្យដំណើរការសវនាការផ្ទាល់មាត់» ត្រូវបានរំពឹងទុក ហើយក្រុមអ្នកច្បាប់របស់នាងនឹង «ធ្វើការងាររបស់ខ្លួនដោយបង្ហាញអំណះអំណាងរបស់ខ្លួននៅពេលវេលាសមស្រប»