(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសបង្ហាញនាពេលថ្មីៗនេះថា ខ្លួនបានតែងតាំងលោក Joseph Gebbia Jr. ដែលត្រូវបានគេស្គាល់ថាជាសហស្ថាបនិកក្រុមហ៊ុន Airbnb ជាក្រុមប្រឹក្សាភិបាលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ការតែងតាំងលោក Gebbia ទៅក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla គឺបន្ទាប់ពីការប្រកាសចាកចេញពីកៅអីរបស់ប្រធានផ្នែកបច្ចេកវិទ្យាលោក Larry Ellison ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Oracle Corp កាលពីខែមិថុនាកន្លងទៅ។ បន្ទាប់ពីការចាកចេញរបស់លោក Ellison ទំហំក្រុមប្រឹក្សាភិបាលរបស់ Tesla បានធ្លាក់ចុះមកនៅត្រឹមប្រាំពីរកៅអីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះការចូលរួមរបស់លោក Gebbia នៅក្នុងក្រុមប្រឹក្សានេះត្រូវបានគេលើកឡើងថា ទំនងជាអាចជួយ Tesla ជៀងវាងជម្លោះបន្ថែមទៀតជាមួយ SEC ដែលបានចាប់ផ្តើមបើកការស៊ើបអង្កេតជាច្រើនដើម្បីកំណត់ថា Musk និង Tesla នៅតែអនុលោមតាមកិច្ចព្រមព្រៀងរបស់ពួកគេ។ ខណៈកន្លងមក SEC ចោទប្រកាន់ក្រុមហ៊ុន Tesla និង Musk ពីបទក្លែងបន្លំមូលបត្រស៊ីវិល បន្ទាប់ពី Musk បានបង្ហោះសារថាគាត់កំពុងពិចារណាយកក្រុមហ៊ុន Tesla ជាឯកជនក្នុងតម្លៃ ៤២០ដុល្លារក្នុងមួយហ៊ុន។

គួរបញ្ជាក់ដែរថា លោក Gebbia បានបម្រើការនៅក្នុងក្រុមហ៊ុន Airbnb ចាប់តាំងពីឆ្នាំ ២០០៧មកម្លេះ ហើយបើទោះបីជាលោកចូលរួមក្នុងក្រុមប្រឹក្សាជាមួយក្រុមហ៊ុន Tesla ក៏ដោយក៏លោក នៅតែស្ថិតក្នុងក្រុមប្រឹក្សាភិបាលរបស់ Airbnb និងបម្រើការជាប្រធានក្រុមហ៊ុន Airbnb.org ដែលជាក្រុមហ៊ុនមិនស្វែងរកប្រាក់ចំណេញដែលផ្តល់លំនៅដ្ឋានដល់ប្រជាជនដែលផ្លាស់ទីលំនៅក្នុងពេលមានវិបត្តិ រួមទាំងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ និងជម្លោះពិភពលោកជាដើម៕