(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មាធិការជាតិអូឡាំពិកអ៉ីរ៉ង់ គ្រោងធ្វើការចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលឆាប់ៗខាងមុខ ដើម្បីពង្រឹងការអភិវឌ្ឍលើវិស័យកីឡាផង និងជំរុញផ្នែកទេសចរណ៍ផង។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

ការលើកឡើងនេះ បន្ទាប់ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានអនុញ្ញាតឲ្យលោក Mahmoud Khosravi Vafa ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៉ីរ៉ង់ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាលការងារនៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ នៅសណ្ឋាគារសុខា ខណៈប្រតិភូកីឡាជាន់ខ្ពស់របស់អ៉ីរ៉ង់ បានធ្វើដំណើរមកដល់កម្ពុជា ដើម្បីត្រៀមចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ចាប់ពីថ្ងៃទី០១-០៥ ខែតុលាខាងមុខ នៅរាជធានីភ្នំពេញ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ជំនួបខាងលើ គឺបានពិភាក្សាការងារមួយចំនួនលើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យកីឡា ក៏ដូចជាផ្លាស់ប្តូរយោយល់ រឹតចំណងមិត្តភាព សាមគ្គីភាព រវាងគណៈកម្មាធិការជាតិនៃប្រទេសទាំងពីរ។ ក្នុងនោះរដ្ឋមន្ដ្រី ថោង ខុន ក៏បានអរគុណភាគីអឺរ៉ុប ដែលកន្លងមកតែងតែផ្ដល់នូវការគាំទ្រដល់កម្ពុជា តាមរយៈការផ្ដល់គ្រូបង្វឹកកម្រិតខ្ពស់មកជួយបង្ហាត់ដល់ក្រុមជម្រើសជាតិកម្ពុជា ដូចជាកីឡាការ៉ាតេ និងចំបាប់ជាដើម ពិសេសអំឡុងពេលកម្ពុជា កំពុងត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែលបានបញ្ជាក់ថា «ការផ្លាស់ប្តូរយោបល់នេះ គឺផ្តោតសំខាន់ទៅលើកីឡាផង និងទេសចរណ៍ផង គឺមានការឯកភាពទៅលើការរៀបចំជាអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីចុះហត្ថលេខានៅថ្ងៃណាមួយ ដែលជាពេលវេលាសមស្របនាពេលឆាប់ៗខាងមុខ»។ ប៉ុន្ដែការចុះ MOU នេះ អាចកើតឡើងបាន ក៏ត្រូវឆ្លងកាត់ការស្នើសុំគោលការណ៍ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមុនសិនដែរ។

អ្វីជាការកត់សម្គាល់ ប្រទេសអ៉ីរ៉ង់មានសក្តានុពលខ្លាំងលើប្រភេទកីឡាប្រយុទ្ធ។ អាស្រ័យហេតុនេះ លោករដ្ឋមន្ដ្រី ថោង ខុន បានស្នើឲ្យភាគីអ៉ីរ៉ង់ជួយឧបត្ថម្ភគាំទ្របន្ថែមលើការអភិវឌ្ឍវិស័យកីឡាជូនដល់កម្ពុជាឲ្យកាន់តែល្អប្រសើរ ខណៈកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងក្លៀវក្លាត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការសង្កត់ធ្ងន់របស់លោក វ៉ាត់ ចំរើន។

លោកបន្ថែមថា ជាលទ្ធផលកិច្ចសន្ទនា រវាងប្រមុខគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសទាំងពីរ គឺបានលេចជាផ្លែផ្កា និងជាសញ្ញាណវិជ្ជមានថ្មីមួយទៀត សម្រាប់វិស័យកីឡាកម្ពុជា និងអ៉ីរ៉ង់ ក្រោមកិច្ចសហប្រតិបត្តិការលើការពង្រឹងបច្ចេកទេសកីឡាកម្រិតខ្ពស់ ដើម្បីឈានទៅរកការប្រកួតប្រជែងកម្រិតអន្ដរជាតិ។ លោកសង្ឃឹមថា MOU នេះ នឹងកើតឡើងក្នុងពេលឆាប់ៗ ដើម្បីឈានទៅរកការបង្កើនគុណភាពប្រភេទកីឡាមួយចំនួន ត្រៀមប្រជែងមេដាយជូនជាតិ ក្នុងឋានៈកម្ពុជាជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្រោយបញ្ចប់នូវកិច្ចសន្ទនាខាងលើ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៉ីរ៉ង់ ក៏បានអញ្ជើញលោកបណ្ឌិត ថោង ខុន ទៅធ្វើទស្សនកិច្ចនៅប្រទេសអ៉ីរ៉ង់នាពេលខាងមុខផងដែរ៕