(អឺរ៉ុប)៖ កីឡាករប្រណាំងរថយន្ត Formula 1 សញ្ជាតិហូឡង់ Max Verstappen នឹងក្លាយជាម្ចាស់ជើងឯកពិភពលោកជាលើកទី២ បើសិនជាអាចយកបានជ័យជម្នះនៅព្រឹត្តិការណ៍ Singapore Grand Prix 2022 ដែលជាកម្មវិធីប្រណាំងជុំទី១៧ និងចាប់រៀបចំឡើងពីថ្ងៃទី៣០ ខែកញ្ញាដល់ថ្ងៃទី០២ ខែតុលាខាងមុខនេះ។

ក្នុងកម្មវិធីប្រណាំងរថយន្ត Formula 1 រដូវកាលឆ្នាំ២០២២ នេះមានចំនួន ២២ជុំនៃការប្រកួត ពេលកីឡាករ Max Verstappen រកបានជ័យជម្នះ ១១លើកហើយ បើធៀបទៅនឹងគូប្រជែងខ្លាំងៗមានដូចជាមិត្តរួមក្រុម Sergio Perez នៃក្រុមរថយន្តប្រណាំង Red Bull, កីឡាករ Charlec Leclerc និង Carlos Sainz បើកឲ្យក្រុម Ferrari ហើយកីឡាករ George Russell របស់ក្រុម Mercedes ក៏សុទ្ធតែរកបានជ័យជម្នះផងដែរ។

គួររំលឹកផងថា ជាបណ្តោះអាសន្នសម្រាប់រដូវកាលនេះ ការប្រណាំងរថយន្ត Formula 1 នៅសល់តែ ៥កម្មវិធីប្រកួតទៀតប៉ុណ្ណោះ ក្នុងចំណោម ២២កម្មវិធី។ ដោយឡែក Max Verstappen ជាម្ចាស់ជើងឯកពិភពលោករដូវកាលឆ្នាំចាស់ ដោយរកបានជ័យជម្នះ ១០លើក។

សូមបញ្ជាក់ផងថា សម្រាប់រដូវកាលប្រណាំង Formula 1 ឆ្នាំ២០២៣ នឹងមានចំនួន ២៤កម្មវិធី ដ្បិតអ្នកឈ្នះជើងឯកពិភពលោកច្រើនជាងគេនោះ គឺលោក Michael Schumacher និង Lewis Hamilton ដោយធ្វើបានចំនួន ៧លើកស្មើគ្នាក្នុងប្រវតិ្តសាស្ត្រ៕