(ដូហា)៖ អ្នកគាំទ្រដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ត្រូវតែបង្ហាញពីលទ្ធផលនៃការធ្វើតេស្តអវិជ្ជមាន ជំងឺកូវីដ-១៩ ដោយមិនគិតពីស្ថានភាព នៃការចាក់វ៉ាក់សាំងរបស់ពួកគេនោះទេ, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី នៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

គ្រប់អ្នកទស្សនាទាំងអស់ ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទៅ ត្រូវតែបង្ហាញនូវលទ្ធផលអវត្តមាន ពីការធ្វើតេស្ត PCR ដែលធ្វើឡើងក្នុងអំឡុងពេល៤៨ម៉ោង មុនពេលការចេញដំណើររបស់ពួកគេ ឬក៏ការធ្វើតេស្តរហ័ស ដែលធ្វើឡើងក្នុងអំឡុងពេល២៤ម៉ោង មុនពេលធ្វើដំណើរទៅដល់។

លទ្ធផលនៃការធ្វើតេស្តរហ័ស នឹងត្រូវបានទទួលស្គាល់ ប្រសិនបើពួកគេធ្វើឡើងនៅមណ្ឌលសុខភាពផ្លូវការ និងមិនមែនធ្វើឡើងដោយខ្លួនឯង។

មិនមានតម្រូវការធ្វើតេស្តបន្ថែមទៀតនោះទេ នៅក្នុងប្រទេសកាតា ប្រសិនបើអ្នកទស្សនាទាំងអស់ មិនមានរោគសញ្ញាណាមួយ នៃជំងឺកូវីដ-១៩។

អ្នកទស្សនាទាំងអស់ ដែលមាន១៨ឆ្នាំឡើងទៅ ក៏នឹងតម្រូវឲ្យទាញយកកម្មវិធីទូរស័ព្ទតាមដានទំនាក់ទំនង ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលមានឈ្មោះថា Ehteraz។

អ្នកគាំទ្រ នឹងត្រូវពាក់ម៉ាស់ នៅក្នុងការដឹកជញ្ជូនសាធារណៈ ប៉ុន្តែការចាក់វ៉ាក់សាំង មិនមែនជាកាតាព្វកិច្ចនោះទេ សម្រាប់អ្នកទស្សនា ដែលត្រូវបានគេរំពឹងថា នឹងមានចំនួនប្រមាណ១.២លាននាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ៕