(បរទេស)៖ អ្នកនាំពាក្យក្រុមហ៊ុន Apple បានឱ្យដឹងនាពេលថ្មីៗនេះថា អនុប្រធានផ្នែកលទ្ធកម្មរបស់ Apple លោក Tony Blevins កំពុងលាឈប់ពីដំណែងរបស់លោក បន្ទាប់ពីផ្ទុះវីដេអូ TikTok ដោយបានប្រើប្រាស់ពាក្យសំដីមិនសមរម្យ ពីគណនីមួយដែលមានអ្នកទស្សនាខ្ទង់ ១.៣លានដងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា មូលហេតុនៃការលាឈប់ពីតំណែងនេះគឺដោយសារវីដេអូ TikTok មួយដែលបានបង្ហោះនៅថ្ងៃទី០៥ ខែកញ្ញា កាលពីពេលថ្មីៗនេះ។

យោងតាមការត្រួតពិនិត្យពី CNBC បានបង្ហាញថា នៅក្នុងវីដេអូនោះ នៅពេលដែលលោក Blevins បានបើកទ្វាចេញពីរថយន្តស្ព័រ Mercedes-Benz ដែលមានតម្លៃខ្ទង់ ៥០០,០០០ដុល្លារ ត្រូវបានអ្នកលេង TikTok ម្នាក់ដែលមានគណនីឈ្មោះថា Daniel Mac បានចោទសួរទៅកាន់លោកថា «តើលោកធ្វើអ្វីសម្រាប់ការរស់នៅប្រចាំថ្ងៃ?»

នៅក្នុងវីដេអូ Blevins បានឆ្លើយតបថា «ខ្ញុំមានឡានដែលថ្លៃបំផុត ខ្ញុំមានកន្លែងលេងវាយកូនហ្គោ និងស្រលាញ់នារីដើមទ្រូងធំៗ» ដោយលោកបានបន្តទៀតថា «ប៉ុន្តែខ្ញុំឈប់សម្រាកចុងសប្តាហ៍ និងថ្ងៃបុណ្យធំៗ» ។ ខណៈការឆ្លើយតបរបស់លោកត្រូវបានគេកត់សម្គាល់ថា វាហាក់ដូចជា Quote ស្រដៀងគ្នានៅក្នុងរឿង «Arthur»

ជុំវិញបញ្ហានេះត្រូវបាន Apple បើកការស៊ើបអង្កេតភ្លាមៗ ហើយបន្ទាប់មកទើបលោក Jeff Willams ដែលជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Apple សម្រេចបញ្ឃប់លោក Belvins តែម្តង៕