(កូរ៉េ)៖ ផលិតកម្ម Big Hit Music ដែលជាជម្រករបស់ក្រុមចម្រៀងល្បី BTS បានប្រកាសតាមរយៈបណ្តាញសង្គម Weverse អំពីដំណើរការផ្លូវច្បាប់ ប្រឆាំងនឹងជនសង្ស័យមួយចំនួន ដែលបានប្រឌិតរឿងព្យាបាទដល់ក្រុម BTS តាមរយៈការ Trolls ជាដើម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Dailymall នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

បើតាមប្រភពពី Big Hit Music បានឲ្យដឹងថា បន្ទាប់ពីបើកការស៉ើបអង្កេតច្បាស់លាស់ដោយប៉ូលីសជំនាញហើយនោះ គឺបានកំណត់ជនសង្ស័យម្នាក់ ដែលបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអាក្រក់ជាច្រើននៅលើវេទិកាបណ្តាញសង្គមនានា ក្នុងន័យបំផ្លាញកេរ្តិ៍ឈ្មោះសមាជិកក្រុម BTS។

បន្ទាប់ពីប្រមូលបានភស្តុតាងជាច្រើនរួចមក ផលិតកម្មខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានឲ្យដឹងថា ខ្លួនកំពុងដំណើរការដាក់ពាក្យបណ្តឹងប្រឆាំងនឹងជនសង្ស័យ ហើយសំណុំរឿងត្រូវបានបញ្ចូនទៅកាន់តុលាការផងដែរ។

គួរជម្រាបថា ផលិតកម្ម BIGHIT តែងតែប្រមូលព័ត៌មានអំពីការបង្ហោះអាក្រក់ទាក់ទងនឹង BTS ហើយរាយការណ៍ទៅអាជ្ញាធរ និងដាក់ពាក្យបណ្តឹង។ រហូតមកទល់នឹងបច្ចុប្បន្ននេះ ផលិតកម្មនេះ នៅតែបន្តវិធានការដ៏តឹងរ៉ឹង ដើម្បីធានាថា អំពើអាក្រក់ទាំងនេះមិនកើតឡើងម្តងទៀត ចំពោះសិល្បកររបស់ខ្លួន៕