(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមល្ខោនបាសាក់ នាយ ប៉េងប៉ោះ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកទឹកចិត្តដល់ក្រុមសិល្បករ សិល្បការិនី ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ប្រកួតដណ្ដើមជយលាភីត្រឡប់មកខេត្តវិញ។

លោក ស៊ិន ភារម្យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំមហោស្រព សិល្បៈ មហាជន ទូទាំងប្រទេស ក្រោមប្រធានបទ វប្បធម៌ដើម្បីសន្តិភាព។ ក្នុងនោះខេត្តកំពង់ចាម ត្រូវបានជ្រើសរើសក្រុមល្ខោនបាសាក់នាយប៉េងប៉ោះ ដែលមានសិល្បករសិល្បការិនីចំនួន ២០នាក់ ចូលរួមប្រកួតផ្នែកល្ខោនបាសាក់ ចំនួន៤ក្រុមទៀត ក្នុងនោះ ខេត្តកែប ១ក្រុម, ខេត្តបន្ទាយមានជ័យ ១ក្រុម , ខេត្តកណ្តាល ១ក្រុម , រាជធានីភ្នំពេញ ១ក្រុម ដែលត្រូវប្រលងនៅថ្ងៃទី៣ និងទី៤ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ។

លោក អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើដល់ក្រុមសិល្បករ សិល្បការិនី ដែលត្រូវទៅប្រកួតប្រជែងផ្នែកល្ខោនបាសាក់នៅថ្នាក់ជាតិថា ឱ្យខិតខំលើកកម្ពស់នៅតម្លៃសិល្បៈ វប្បធម៌ជាតិរបស់យើង នឹងត្រូវប្រកាន់ខ្ជាប់នៅគោលការណ៍ រក្សាវប្បធម៌ជាតិយើងឱ្យបានផ្គុំថ្កើន តាមរយៈចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ ម្យ៉ាងទៀត ផ្នែកល្ខោនបាសាក់ខេត្តកំពង់ចាម ធ្លាប់មានឈ្មោះល្បីល្បាញយូរមកហើយ និងធ្លាប់បានទទួលចំណាប់អារម្មណ៍ ពីប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ ដូច្នេះ ក្រុមសិល្បករ សិល្បការិនីយើង ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីប្រលងដណ្ដើមយកជយលាភី ផ្ដល់កិត្តិយសអោយខេត្តរបស់យើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋបន្តទៀត លើផ្នែកល្ខោនបាសាក់នេះ៕