(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អាចនឹងបន្ដនិរន្ដរភាពការគ្រប់គ្រងដឹកនាំរបស់ខ្លួន នៅអាណត្តិថ្មីទៀត ដើម្បីរក្សា និងធានានូវចរន្ដកការងារក្នុងការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បន្ទាប់ពីរដ្ឋមន្ដ្រី ថោង ខុន បានកោះប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មាធិការប្រតិបត្តិ NOCC នៅថ្ងៃទី៣០ ខែកញ្ញានេះ នៅទីស្នាក់ការ NOCC ដើម្បីជជែកគ្នា អំពីការត្រៀមមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ និងបន្ដអាណត្តិទី៨ ឆ្នាំ២០២២-២០២៦ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាចុងខែតុលាខាងមុខ។

លោកលើកឡើងថា «ដើម្បីគោរពតាមធម្មនុញ្ញរបស់អូឡាំពិកអន្ដរជាតិ និងលក្ខន្ដិកៈរបស់យើង NOCC នឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ៤ឆ្នាំម្ដងនេះ ដើម្បីរៀបចំគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី។ ប៉ុន្ដែអ្វីដែលអង្គប្រជុំចាប់អារម្មណ៍ គឺទៅលើគេហៅថា ការបន្ដនិរន្ដរភាពការគ្រប់គ្រងដឹកនាំរបស់ NOCC ទៅអាណត្តិថ្មីទៀត ដោយសារយើងស្ថិតនៅក្នុងឆ្នាំរៀបចំការប្រកួតកីឡាអន្ដរជាតិដ៏ធំ គឺស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»

តាមរយៈនេះ NOCC បានធ្វើការទំនាក់ទំនងផ្នែកច្បាប់របស់អូឡាំពិកអន្ដរជាតិ និងអូឡាំពិកអាស៊ី ដើម្បីសុំការណែនាំ និងរកដំណោះស្រាយ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ហើយចំពេឡ NOCC ត្រូវបញ្ចប់អាណត្តិបែបនេះ តើត្រូវធ្វើដូចម្ដេច? លោកថា «អ៊ីចឹងតាមការណែនាំ គឺយើងត្រូវតែធ្វើមហាសន្និបាត និងបោះឆ្នោតធម្មតា តែបោះឆ្នោតជាសេចក្ដីទុកចិត្ត។ ដូច្នេះយើងនឹងរៀបចំឲ្យមានការបោះឆ្នោតជាសេចក្ដីទុកចិត្តនេះ ទៅតាមការណែនាំ ដោយគោរពតាមធម្មនុញ្ញដដែល»

«អ្វីដែលយើងត្រូវធ្វើ យើងត្រូវត្រៀមមហាសន្និបាតនេះ ឲ្យទទួលបានការគាំទ្រពីសហព័ន្ធកីឡាជាតិរបស់យើង ឲ្យមើលឃើញពីសមិទ្ធផល ដែល NOCC ដែលជាដៃគូសហការដ៏មុតស្រួច និងដៃគូយុទ្ធសាស្ដ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ក៏ដូចជាក្រសួងស្ថាប័នផ្សេងៗទៀត ដែល NOCC បានដើរតួរជាអ្នកសម្របសម្រួល និងជាអ្នកលើកនូវគោលការណ៍ផ្សេងៗទៀត ចូលរួមអភិវឌ្ឍន៍ចលនាអូឡាំពិក និងវិស័យកីឡាជាតិរបស់យើង»។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

លោកបន្ដថា ក្នុងកម្រិត នៃការគ្រប់គ្រងដឹកនាំនេះ លោកបណ្ឌិត ថោង ខុន បានជំរុញធ្វើយ៉ាងណា ត្រូវមានការសម្របសម្រួលគ្នា ដោយមានការរៀបចំ និងគោរពតាមនីតិវិធីត្រឹមត្រូវ។ ជារួមមហាសន្និបាតបញ្ចប់អាណត្ដិចាស់ បន្ដអាណត្តិថ្មីនេះ ត្រូវតែធ្វើឲ្យបានចប់សព្វគ្រប់ នាចុងខែតុលាខាងមុខ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមសមាជិករបស់ចលនាអូឡាំពិកអន្ដរជាតិ ដើម្បីឲ្យអាណត្តិទី៨ ដែលជាអាណត្ដិដ៏សំខាន់ បានដើរតួរជាស្នូលមួយក្នុងការជួយជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ទទួលបានជោគជ័យ៕