(កូរ៉េ)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ថា អ្នកគាំទ្រជនជាតិថៃម្នាក់ បានចំណាយប្រាក់រហូតដល់ ១៨០លានវ៉ូន ឬប្រហែល១២៦,០០០ដុល្លារ ដើម្បីចូលរួមកម្មវិធី ជួបជុំអ្នកគាំទ្រ របស់តារាសម្តែងល្បីកូរ៉េ Kim Soo Hyun ដែលនឹងធ្វើឡើងនៅប្រទេសថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមក្រុមហ៊ុនថៃឈ្មោះ Lotus និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា តារាសម្តែងប្រុសល្បីរបស់កូរ៉េ ដែលសម្តែងក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» នោះ នឹងរៀបចំកម្មវិថីជួបជុំអ្នកគាំទ្រ ដែលមានឈ្មោះថា «Meet & Greet» នៅទីក្រុងបាងកក នៅថ្ងៃទី០២ ខែតុលា ខាងមុខនេះ។ តែយ៉ាងណា អ្វីដែលគេកត់សម្គាល់នោះ គឺថាកម្មវិធីជួបជុំអ្នកគាំទ្រនេះ គឺបើកសម្រាប់តែអតិថិជន ដែលបានចំណាយប្រាក់ទិញមាសលើសពី ១៣២.៩០ដុល្លារ នៅហាង Lotus ប៉ុណ្ណោះ។

មនុស្សចំនួន៣,៨០០នាក់ ត្រូវបានរាយការណ៍ថា បានចំណាយប្រាក់ទិញមាសនោះ នឹងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនេះ។ ក្នុងចំណោមនោះ អ្នកទិញកំពូលដែលចំណាយប្រាក់ច្រើនជាងគេចំនួន១០០នាក់ នឹងអាចអង្គុយនៅកៅអីខាងមុខនៃសាលព្រឹត្តិការណ៍ ត្បិតពួកគេទទួលបានអត្ថប្រយោជន៍ ក្នុងនាម VIP ដែលអាចថតរូបជាមួយ Kim Soo Hyun, ទទួលបានហត្ថលេខា និងទទួលបានទំនិញពិសេសនានាពីព្រឹត្តិការណ៍។

បន្ទាប់ពីសរុបចំនួនអ្នកទិញរួចរាល់ គឺបានរកឃើញថា ក្នុងចំណោមអ្នកគាំទ្រដែលត្រូវបានអញ្ជើញឲ្យចូលរួមនោះ គឺមានម្នាក់ឈរនៅលេខរៀងទី១ ដែលចំណាយប្រាក់ច្រើនបំផុតរហូតដល់ ១២៥,៩០៥ដុល្លារ ខណៈអ្នកដែលចំណាយប្រាក់ច្រើនលេខ២នោះ គឺមានចំនួន ១០៥,៦២៤ដុល្លារ៕