(បរទេស)៖ បន្ទាប់ពីបើកដំណើរការសេវាកម្មស្រ្ទីមហ្គេមអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមិនទទួលបានជោគជ័យ ឥឡូវនេះ Google ប្រកាសសម្រេចបញ្ចប់វត្តមានសេវាកម្មហ្គេម Stadia cloud របស់ខ្លួននោះហើយ គិតចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ជាមួយនឹងការបញ្ចប់វត្តមាន Stadia cloud នេះ Google បានគូសបញ្ជាក់ថា ខ្លួននឹងសងប្រាក់វិញរាល់ការទិញ Hardware និង Software ដល់អ្នកប្រើប្រាស់ទាំងអស់ រួមទាំងការទិញមាតិការបន្ថែមនៅក្នុង App តាមរយៈ Stadia Store ផងដែរ។ ដូច្នេះអ្នកប្រើប្រាស់នឹងនៅតែអាចចូលទៅលេងហ្គេមបានដោយចូលទៅប្រើ Library របស់ពួកគេរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ខណៈការបង្វិលសងប្រាក់ Google រំពឹងថានឹងទៅដល់ដៃអតិថិជនទាំងអស់ត្រឹមពាក់កណ្តាលខែមករា។

ដោយឡែកក្នុងអំឡុងពេលដំណើរការបិទ ហ្គេមមួយចំនួនអាចមានបញ្ហាក្នុងការលេងហ្គម ជាពិសេសហ្គេមដែលទាមទារពាណិជ្ជអាចនឹងជួបបញ្ហាខ្លាំង ខណៈដែលហ្គេមមួយចំនួនទៀតនឹងនៅតែបន្តដំណើការធម្មតា។

គួរបញ្ជាក់ដែរថា Google Stadia ទើបតែបើកដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដោយសេវាកម្មនេះត្រូវបានបង្កើតឡើងជាពិសេសដើម្បីអនុញ្ញាតឱ្យលេងហ្គេមនៅ Cloud និងនៅលើឧបករណ៍ជាច្រើនទៀត រួមទាំងនៅលើ PCs, Chromebooks, Macs, iPhones និង iPads ផងដែរ ប៉ុន្តែវត្តមានរបស់វាហាក់មិនទទួលការចាប់អារម្មណ៍តាំងពីដំបូង៕