(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (ម.ធ.ត.) បានប្រកាសស្វាគមន៍វត្តមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK Microfinance Institution PLC) ជាសមាជិកដំបូងបង្អស់នៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ពីវិស័យឯកជនក្នុងការប្រើប្រាស់សេវាសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (CamDigiKey) ក្នុងទម្រង់ជាការផ្ទៀងផ្ទាត់ទិន្នន័យ (Open APIs for Verification) ដែលមានលើថ្នាល CamDX ។

លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានលើកឡើងថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានក្លាយជាសមាជិកដំបូងបង្អស់ពីវិស័យឯកជនបន្ទាប់ពីបានដាក់ពាក្យស្នើសុំចូលជាសមាជិក និងបានចុះកិច្ចសន្យាដើម្បីប្រើប្រាស់សេវា CamDigiKey ។

លោកបន្តថា ក្រៅពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងប្រមាណ១0 ទៀតកំពុងសិក្សាការងារបច្ចេកទេស, ដាក់ពាក្យ និងបំពេញលក្ខខណ្ឌដើម្បីអាចក្លាយជាសមាជិក CamDX ក្នុងការប្រើប្រាស់ CamDigiKey ។

លោកបានបន្ថែមទៀតថា វិស័យឯកជនដែលបានស្នើសុំប្រើប្រាស់ CamDigiKey ទោះក្នុងទម្រង់ជាដំណោះស្រាយ e-KYC ពេញលេញ (Full Solution) ឬក្នុងទម្រង់ជាការផ្ទៀងផ្ទាត់ទិន្នន័យ (Open APIs for Verification) បានសបញ្ជាក់ពីបច្ច័យវិជ្ជមានដែលវិស័យឯកជនមានទំនុកចិត្តខ្ពស់ និងចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថលរបស់រាជ-រដ្ឋាភិបាលដែលជាឃ្នាស់សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ។

CamDigiKey ផ្តោតជាសំខាន់លើភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងជួយកាត់បន្ថយពេលវេលាត្រួតពិនិត្យអត្តសញ្ញាណអតិថិជនទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

CamDigiKey ត្រូវបានបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណអតិថិជនឌីជីថលដែលមាននៅលើថ្នាល CamDX និងបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបានអភិវឌ្ឍន៍មុខងារបន្ថែមទៀតដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់ដល់វិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធុរកិច្ច, និង ធនាគារ។ តាមរយៈការប្រើប្រាស់ CamDigiKey, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, ក្រុមហ៊ុនធានារ៉ាប់រង និងវិស័យឯកជនផ្សេងទៀតនឹងកាត់បន្ថយពេលវេលាផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន និងធានាបាននូវការជឿទុកចិត្តលើទិន្នន័យអត្តសញ្ញាណដែលត្រូវបានផ្ទៀងផ្ទាត់ជាមួយទិន្នន័យរបស់រាជរដ្ឋាភិបាល។

វិស័យឯកជនដែលមានបំណងដាក់ពាក្យចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាអាចទាញយក «វិធាននិងនីតិវិធីនៃការចូលជាសមាជិកថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា» តាមរយៈគេហទំព័រ www.camdx.gov.kh ឬអាចទំនាក់ទំនងបានតាមរយៈអ៊ីម៉ែល [email protected] ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការប្រើប្រាស់ CamDigiKey អាចស្វែងរកបាននៅលើគេហទំព័រ www.camdigikey.gov.kh ៕