(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅល្ងាចថ្ងៃទី៣០ ខែកញ្ញានេះ បានប្រកាសបើកយុទ្ធនាការ Beyond the Games ដើម្បីរួមចំណែកផ្សព្វផ្សាយ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា គឺការទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ។

ពិធីបើកយុទ្ធនាការនេះ មានថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ដ្រីរាជការ សិល្បៈករសិល្បៈការិនី ភ្ញៀវកិត្តិយស ពិសេសវត្តមានរបស់កីឡាករ-កីឡាការិនីជម្រើសជាតិសរុបប្រមាណ ៣០០នាក់ចូលរួម នៅអគារ The Kampus ។ យុទ្ធនាការនេះ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីអបអរសាទរ និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ ។

លោក សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការនេះ បានគូបញ្ជាក់ថា យុទ្ធនាការ Beyond the Games គឺជាយុទ្ធនាការរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានវិសាលភាពទូទាំងប្រទេស ហើយក៏ជាយុទ្ធនាការមួយរបស់គណៈកម្មាធិការជាតិ CAMSOC ដើម្បីផ្សព្វផ្សាយពីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សាភ្ជាប់នូវសន្ដានចិត្ដ និងមនោសញ្ញេតនា រវាងប្រជាជនខ្មែរ នឹងព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផងដែរ ។ ហេតុអ្វីបានត្រូវផ្សាភ្ជាប់សន្ដានចិត្ដ និងមនោសញ្ចេតនា?

អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែល ពន្យល់ថា «ព្រោះការលំបាកមួយ នៃការរៀបចំអ្វីមួយលើកទី១ គឺប្រជាជនប្រហែលមិនបានជ្រាបព័ត៌មានគ្រប់ៗគ្នាទេ ។ គាត់មិនដឹងថា ចូលរួមបែបណា ឬត្រៀមខ្លួនបែបណា ដើម្បីចូលរួមគាំទ្រទេ? ខ្ញុំឧទាហរណ៍៖ ពេលភ្ជុំបិណ្ឌ យើងវេចអន្សម យើងទៅវត្ត យើងរាប់បាត្រ ។ ពិធីអុំទូកអកអំបុកសំពះព្រះខែ យើងមើលអុំទូក យើងញាំអំបុក សង្ក្រានឆ្នាំថ្មី យើងសំអាតផ្ទះសម្បែង ចាំទទួលទេវតា និងត្រៀមខ្លួនលេងល្បែង-របាំប្រជាប្រិយ ។ ចុះស៊ីហ្គេមមកដល់ តើយើងគួរធ្វើយ៉ាងណា?» ។

«យើងចង់ពង្រីកវិសាលភាព មិនត្រឹមតែកីឡានោះទេ ហើយក៏មិនត្រឹមតែស៊ីហ្គេមដែរ យើងមិនត្រឹមយកកម្ពុជា មកលើកកម្កើងស៊ីហ្គេមនោះទេ គឺយើងត្រូវយកស៊ីហ្គេម មកលើកកម្កើងកម្ពុជា ។ វាជាឱកាសដ៏កម្រមួយ ជាឱកាសមាស និងឱកាសប្រាក់ ដើម្បីយើងអាចបង្ហាញពីមុខមាត់ សន្ដិភាព សមត្ថភាព សាមគ្គីភាព ឧត្តមភាព និងសក្ដានុពលរបស់កម្ពុជាបច្ចុប្បន្ន ។ លើសពីការបញ្ជ្រាបសារ យើងចង់ជំរុញឲ្យមានការចូលរួមជាម្ចាស់ផ្ទះទាំងអស់គ្នា ដើម្បីបង្ហាញពីភាពសម្បូរសប្បាយ វប្បធម៌ អរិយធម៌ និងបង្កើតអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាន ទាំងមុខ ទាំងអំឡុង និងក្រោយព្រឹត្តិការណ៍...» ។ លោក សុខ សប្បាយណា បន្ថែម ។

ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ ស.ស.យ.ក ស្ដីពីការរៀបចំ «យុទ្ធនាការ #BeyondTheGames» ៖