(ឡុងដ៍)៖ Newcastle United បានព្រមព្រៀងក្នុងការចុះកិច្ចសន្យា នាំយកខ្សែប្រយុទ្ធលំដាប់អន្តរជាតិអូស្ត្រាលី Garang Kuol មកពីក្លិបអូស្ត្រាលី Central Coast Mariners។ នេះបើតាមក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

កីឡាករវ័យ ១៨ឆ្នាំ ដែលបានស៊ុតបញ្ចូលទី ៤គ្រាប់ក្នុងលីគ A-League សម្រាប់ក្លិប Mariners កាលពីរដូវកាលមុនរូបនេះ នឹងចូលរួមជាមួយក្លិប ដែលដឹកនាំដោយលោក Eddie Howe នៅខែមករា ឆ្នាំ២០២៣ ខាងមុខ នៅពេលដែលរដូវកាលដោះដូរកីឡាករបើក។

ចំពោះព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរកីឡាកររូបនេះ មិនទាន់មានការបង្ហាញឲ្យដឹងនៅឡើយនោះទេ។

Kuol បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិកង់ហ្គូរូអូស្ត្រាលី ក្នុងការប្រកួតឈ្នះ ២-០ លើក្រុមណូវែលសេឡង់កាលពីថ្ងៃអាទិត្យ។

អ្នកចាត់ការក្លិបសារិកាព្រៃ Newcastle លោក Eddie Howe បានលើកឡើងថា ការមកដល់របស់កីឡាករ Kuol នឹងក្លាយជារឿងគួរឲ្យរំភើបបន្ថែមទៀត សម្រាប់ក្រុមរបស់លោក ប៉ុន្តែបានលើកឡើងថា កីឡាកររូបនេះអាចដំបូងឡើយ ត្រូវបញ្ជូនឲ្យលេងខ្ចីជើងនៅក្លិបដទៃជាមុនសិន៕