(ប៉ារីស)៖ ខ្សែបម្រើសញ្ជាតិបារាំង Boubacar Kamara នឹងអវត្តមានពីការប្រកួតក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ដោយសារតែរបួសសរសៃពួរជង្គង់។ នេះបើតាមសម្តីអ្នកចាត់ការក្លិប Aston Villa លោក Steven Gerrard ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

កីឡាករវ័យ ២២ឆ្នាំ ដែលបានជាប់ ៣លើកលេងក្នុងក្រុមជម្រើសជាតិមាន់គកបារាំង បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងកាលពីខែមិថុនារូបនេះ បានរងរបួស នៅក្នុងការប្រកួត Premier League ក្នុងលទ្ធផលឈ្នះ ១-០ លើក្រុម Southampton កាលពីដើមខែនេះ។

«Bouba នឹងត្រូវអវត្តមានពីការប្រកួតរហូតដល់ចប់ព្រឹត្តិការណ៍ World Cup ដែលជាបញ្ហាមួយដ៏ធំ» នេះបើតាមសម្តីលោក Gerrard បានប្រាប់អ្នកសារព័ត៌មាន មុនដំណើររបស់ក្រុមរបស់លោកទៅប៉ះក្រុម Leeds United ជាការប្រកួតក្នុងលីគនាថ្ងៃអាទិត្យស្អែកនេះ។

អវត្តមានរបស់ Boubacar គឺជាបញ្ហាថ្មីចុងក្រោយ ចំពោះក្រុមការងារពានរង្វាន់ជើងឯកបារាំង ដែលក៏នឹងមិនមានខ្សែបម្រើសំខាន់ N'Golo Kante និង Paul Pogba ផងដែរនៅក្នុងព្រឹត្តិការណ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។

សូមជម្រាបថា បារាំង នឹងបើកយុទ្ធនាការ World Cup របស់ពួកគេ ដោយត្រូវប៉ះក្រុមអូស្ត្រាលីក្នុងពូល D នាថ្ងៃទី២២ ខែវិច្ឆិកា បន្ទាប់មកនឹងប៉ះដាណឺម៉ាក និងទុយនេស៊ី៕