(បរទេស)៖ ក្រុមហ៊ុន Microsoft កំពុងបញ្ចប់ការគាំទ្រក្តារចុច SwiftKey របស់ខ្លួនដែលមាននៅលើ iPhone ហើយកម្មវិធីនេះនឹងត្រូវដកចេញពី AppStore នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ឆ្លើយតបទៅនឹងសំណើររបស់អ្នកនិពន្ធបច្ចេកវិទ្យាអ្នកនាង Mary Jo Foley ដែលបានចោទសួរពីការបញ្ឈប់ការអាប់ដេតកម្មវិធី SwiftKey អស់រយៈពេលជាងមួយឆ្នាំនេះ នាយកគ្រប់គ្រងផលិតផលនៅ SwiftKey លោក Chris Wolfe បានផ្តល់សេចក្តីថ្លែងការណ៍ថា «គិតត្រឹមថ្ងៃទី០៥ ខែតុលា ដំណើរការ SwiftKey iOS នឹងត្រូវបញ្ចប់ ហើយវានឹងត្រូវដកចេញពី AppStore តែយ៉ាងណាសម្រាប់ SwiftKey Android ក្រុមហ៊ុន Microsoft នឹងនៅតែដំណើរការធម្មតា ហើយនឹងនៅតែផ្តល់ថាមពលដល់ក្តារចុច Window Toch ដដែល»

ជុំវិញបញ្ហានេះក្រុមហ៊ុន Microsoft មិនបានផ្តល់ហេតុផលច្បាស់លាស់សម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការលុបកម្មវិធីនោះទេ ប៉ុន្តែត្រូវបានអ្នកនាង Foley ប៉ាន់ស្មានថាទំនងជាអាចទាក់ទងនឹងគោលការណ៍របស់ក្រុមហ៊ុន Apple អំពីការផ្តល់អាទិភាពផ្សេងទៀតទៅឱ្យ Developer របស់ខ្លួន។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Microsoft បានទិញយក SwiftKey ក្នុងឆ្នាំ ២០១៦ ហើយពេលនោះ Microsoft គូសបញ្ជាក់ថា ក្តារចុចនេះត្រូវបានប្រើប្រាស់នៅលើឧបករណ៍ Android និង iOS ជាង ៣០០លានគ្រឿងឯណោះ៕