(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC, CAMSOC និងជាប្រធានសហព័ន្ធកីឡា Muay អាស៊ី ផងនោះ នៅព្រឹកថ្ងៃទី០១ ខែតុលានេះ បានធ្វើការបកស្រាយពាក់ព័ន្ធនឹងការកំណត់ប្រភេទកីឡា Muay នៅក្នុងការប្រកួតកីឡាស៊ីហ្គេម បន្ទាប់ពីសង្កេតឃើញមានការយល់ច្រឡំមួយចំនួនលើបណ្ដាញសង្គមរវាងកីឡាប្រដាល់ «គុនខ្មែរ» និង «Muay Thai»

ថ្នាក់ដឹកនាំកីឡាកម្ពុជាខាងលើបានធ្វើការបកស្រាយយ៉ាងដូច្នេះ «សូមជម្រាបថា ក្នុងធម្មនុញ្ញារបស់ស៊ីហ្គេម គេដាក់ពាក្យថា កីឡា Muay ជា គុនខ្មែរ ហើយនៅក្នុងនេះ គឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ យើងប្រកួតកីឡា Muay ប៉ុន្ដែយើងបានសុំការឯកភាពពីគេដាក់ថា គុនខ្មែរ យើងចូលរួមក្នុងកីឡា Muay ក៏ប៉ុន្ដែជាគុនខ្មែរ មិនមែន Muay Thai ទេ ។ Muay Thai គឺ Muay Thai តែកីឡា Muay មិនមែន Muay Thai»

«ក្នុងនាមប្រធានសហព័ន្ធកីឡា Muay អាស៊ី គឺមិនមែន Muay Thai ទេ ហើយប្រធានសហព័ន្ធកីឡា Muay ពិភពលោក គឺជនជាតិឡាវ លោក Say Samone Sayasone ក៏មិនមែន Muay Thai ដែរ។ យើងអត់ចូលរួមក្នុងសមាគម Muay Thai អន្ដរជាតិ ដែលគេហៅថា IFMA យើងអត់ចូលរួមជាសមាជិកទេ ប៉ុន្ដែបើជាសកម្មភាពកីឡាប្រកួត យើងប្រកួតនៅខាងក្រៅប្រទេស បើខាង Muay Thai គេអញ្ជើញ យើងចូលរួម ប៉ុន្ដែបើគេមកស្រុកខ្មែរវិញ គេត្រូវចូលរួមប្រកួត គុនខ្មែរ»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «នេះគឺជាគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងជាអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ គឺយើងរក្សាអត្តសញ្ញាណរបស់យើង។ កាលណាគេប្រកួតកីឡាប្រដាល់គុនខ្មែរ សូម្បីតែប្រដាល់ Muay Thai ក៏ដោយនៅស្រុកខ្មែរ គឺត្រូវគោរពតាមឈ្មោះ និងគោលការណ៍ បទបញ្ជាប្រកួតរបស់ គុនខ្មែរ ហើយខ្មែរយើង ទៅប្រកួតក្រៅប្រទេស ដែល Muay Thai គេអញ្ជើញ យើងប្រកួតធម្មតា យើងគ្មានការរើសអើងទេ យើងចូលរួមប្រកួត ដើម្បីបង្កើនសមត្ថភាព និងការងារបច្ចេកទេស ប៉ុន្ដែយើងមិនមែនជាសមាជិករបស់ Muay Thai ទេ យើងគ្រាន់តែជាសមាជិករបស់កីឡា Muay គឺមិនមែន Muay Thai»

លោកពន្យល់បន្ថែមថា «ពាក្យថា Muay ឡាវ ក៏គេហៅ Muay ដែរ ហើយយើងបានធ្វើការតវ៉ា ក្នុងការរក្សាអត្តសញ្ញាណរបស់គុនខ្មែររបស់យើង គ្រប់វេទិកាទាំងអស់ នៃការចរចាគ្នា ហើយយើងអត់ដែលចូលរួមជាមួយនឹងការឯកភាពទៅលើពាក្យថា Muay Thai ដាក់នៅក្នុងការប្រកួតកីឡាស៊ីហ្គេមនោះទេ យើងគាំទ្រដាក់ត្រឹមពាក្យថា Muay មានន័យថា ប្រដាល់ ប៉ុន្ដែវាមានជាភាសារបស់ថៃ និងឡាវ ដែលហៅដូចគ្នា។ ប៉ុន្ដែក៏មានអង្គការគ្រប់គ្រងខុសគ្នាដែរ Muay Thai គឺគ្រប់គ្រងដោយសហព័ន្ធ Muay Thai អន្ដរជាតិ។ រីឯកីឡា Muay នៅថៃ គេមានសហព័ន្ធកីឡា Muay ពិភពលោក មួយទៀត»

«យើងបង្កើតសហព័ន្ធកីឡា Muay ពិភពលោក និងសហព័ន្ធកីឡា Muay អាស៊ីនេះ គឺមានប្រទេសចូលរួមទាំងអស់ ហើយយើងប្រកាន់យកពាក្យ Muay ជាមួយពាក្យថា គុនខ្មែរ ក្នុងរង្វង់នៃការការពារអត្តសញ្ញាណរបស់យើងនៅក្នុងស្រុកខ្មែរ។ រាល់ការប្រកួតនៅក្នុងស្រុក គឺយើងយកទម្រង់នៃការប្រកួតគុនខ្មែរ និងឈ្មោះ គុនខ្មែរ ដោយយកពាក្យក្នុងភាសាច្បាប់របស់ស៊ីហ្គេម ដែលគេដាក់ឈ្មោះថា កីឡា Muay»។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

យ៉ាងណាមិញ លោកបានសូមឲ្យមតិសាធារណៈទាំងអស់ មេត្ដាយោគយល់ ដោយលោកសង្កត់ធ្ងន់ថា «យើងការពារ និងថែរក្សាអត្តសញ្ញាណរបស់យើងជារាងរហូត មិនឲ្យមានការប៉ះពាល់ទេ ។ សូមជនរួមជាតិ មេត្ដាយោគយល់ក្នុងការងារនេះ។ សូមថ្លែងអំណរគុណ ដល់ការយកចិត្តទុកដាក់ និងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែររបស់យើងទាំងអស់គ្នា។ យើងធ្វើការអភិរក្ស ដើម្បីអភិវឌ្ឍន៍ យើងធ្វើការអភិវឌ្ឍន៍ ដើម្បីការអភិរក្ស រក្សាអត្ដសញ្ញាណក្បាច់គុនព្រលឹងជាតិរបស់យើង គឺគុនខ្មែរ។ ចឹងសូមថ្លែងអំណរគុណ ដល់មហាជន ដែលតែងខ្វល់ខ្វាយ ក៏ដូចជាការរិះគន់ ប្រកបដោយការស្ថាបនាទាំងអស់នេះ»