(កោះកុង)៖ អ្នកណាខ្លះស្គាល់ជីផាត និងធ្លាប់ទៅលេងកម្សាន្តនៅតំបន់អេកូទេសចរណ៍មួយនេះ? នៅក្នុងដំណើរផ្សងព្រេងលើកទី៣នេះ Fresh Adventure បានទៅដល់ជីផាត និងបានចេញត្រាច់ចរក្នុងព្រៃរហូតធ្លោយធ្លាក់ទៅដល់ទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែងដែលអ្នកស្រុកហៅថា «ទឹកធ្លាក់អូរឆ្ពាត់» ខណៈអ្នកខ្លះហៅថា «ទឹកធ្លាក់រូងប្រចៀវ»

រឿងធ្វើដំណើរទៅកាន់ភូមិដ្ឋានសហគមន៍ជីផាតជារឿងងាយស្រួលនោះទេ ប៉ុន្តែមុនបន្តដំណើរទៅកាន់ទឹកធ្លាក់ថ្មីមួយនេះ គឺយើងត្រូវត្រៀមសម្ភារៈ ហ្កាយសហគមន៍ និងមធ្យោបាយធ្វើដំណើរដូចជាម៉ូតូជាដើម។

នៅថ្ងៃដំបូង ក្រុមការងារ Fresh Adventure និងនារីចល័តចរបានសម្រាកនៅ Sunbear Volley មួយយប់ ហើយនៅពេលព្រឹកថ្ងៃបន្ទាប់ ក្រុមការងារយើងបានជួលម៉ូតូ និងហ្កាយសហគមន៍ជូនពួកយើងទៅកាន់ទឹកធ្លាក់ក្នុងក្ដីស្រមៃនោះ។

ការធ្វើដំណើរចេញពីទីប្រជុំជនជីផាតទៅកាន់ទឹកធ្លាក់អូរឆ្ពាត់នេះ ក្រុមការងារ Fresh Adventure ត្រូវជិះម៉ូតូកាត់ព្រៃ កាត់ភក់ កាត់ចម្ការដំណាំ ព្រមទាំងត្រូវជិះទូកឆ្លងព្រែក។ ផុតភូមិចូលព្រៃ ផុតព្រៃឆ្លងព្រែក ឡើងពីព្រែកចូលព្រៃ ចេញពីព្រៃកាត់វាល ប្រមាណជាង១ម៉ោងក្រោយមក ក្រុមការងារយើងក៏ទៅដល់ទឹកធ្លាក់អូរឆ្ពាត់នោះតែម្ដង។

ទីមរតកធម្មជាតិដ៏ស្រស់ត្រកាលនេះ គឺពិតជាបង្កើតនូវក្ដីសោមនស្សរមណីយ៉ាងក្រៃលែងជូនដល់ភ្ញៀវទេសចរទាំងឡាយណាដែលបានទៅដល់។ ព្រៃឈើខ្ពស់ៗ ទឹកធ្លាក់គគ្រឹកគគ្រែង ទេសភាពពណ៌បៃតងខ្ចី តុបតែងលម្អទឹកធ្លាក់អូរឆ្ពាត់យើងឱ្យកាន់តែមានភាពទាក់ទាញ់ដូចនាងវិល័យលក្ខណ៍។

ម្យ៉ាងទៀត នៅក្បែរទឹកធ្លាក់នេះក៏មានផ្ទះអ្នកភូមិតូចមួយដែលគាត់សង់ឡើងសម្រាប់ស្នាក់នៅចាំចម្ការដំណាំ ដោយនៅទីនោះភ្ញៀវទេសចរក៏អាចទិញដូង ត្របែក ស្វាយចន្ទី និងផល្លានុលផ្សេងទៀតពីពួកគាត់ ហើយពួកគាត់ក៏មានបម្រើសេវាម្ហូបអាហារបានផងដែរ «មាន់ស្រែបន្លែស្រស់ អ្នកណាមិនជក់ចិត្ត»

សូមទស្សនាវីដេអូទី៣របស់ Fresh Adventure ដែលបានទៅដល់ទឹកធ្លាក់អូរឆ្ពាត់ដែលជាតារាទើបរះថ្មីនាព្រៃសហគមន៍ជីផាត៖