(ភ្នំពេញ)៖ កីឡាតេក្វាន់ដូ ITF ដែលត្រូវបានកម្ពុជា ត្រៀមដាក់បញ្ចូលក្នុងកម្មវិធីប្រកួតលើកដំបូង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ពុំទទួលបានជោគជ័យនោះទេ បន្ទាប់ពីមានការរារាំងពីប្រទេសមួយ ដែលដើរខ្ទប់បណ្ដាប្រទេសអាស៊ានមិនឲ្យចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា តែលោកមិនបានបញ្ជាក់ប្រទេសមួយនោះ គឺជាប្រទេសណានោះទេ។

ថ្លែងក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិនាថ្ងៃទី៣០ ខែកញ្ញាម្សិលមិញ លោក កែវ រ៉េមី បានបញ្ជាក់ថា «សហព័ន្ធកីឡាតេក្វាន់ដូ ITF របស់យើង មានការរីកចម្រើនខ្លាំង រហូតដល់មានការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការជំរុញក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជា CAMSOC ដាក់បញ្ចូល ITF ទៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្ដែសូមជម្រាបជូនក្មួយៗថា យើងអត់បានទទួលជោគជ័យក្នុងការចូលរួមប្រកួតនាឆ្នាំក្រោយទេ ដោយសារតែយើងខ្លាំងពេក»

លោកសង្កត់ធ្ងន់ថា «អាខ្លាំងពេកក៏មានបញ្ហាដែរ។ ខ្លាំងពេកធ្វើឲ្យមានប្រទេសមួយនោះ គាត់ដើរខ្ទប់។ គាត់ខ្ទប់បណ្ដាប្រទេសអាស៊ានមិនឲ្យបញ្ជូនតេក្វាន់ដូ ITF មកប្រកួតជាមួយយើង។ ក្មួយៗត្រូវដឹងថា ITF តាំងពីគេមិនស្គាល់ អត់មានអ្នកស្គាល់ថា តេក្វាន់ដូ ITF យ៉ាងម៉េច រហូតដល់គេស្គាល់ ស្គាល់ដល់អន្ដរជាតិ ពូរុញខ្លះ រហូតដល់ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធអន្ដរជាតិទៀត ហើយរហូតដល់ថ្នាក់ដឹកនាំកំពូលប្រទេសរបស់យើង ទទួលស្គាល់ ITF ថា ជាប្រភេទកីឡាតេក្វាន់ដូខ្លាំង។ ក៏ប៉ុន្ដែដោយសារខ្លាំងពេក គេខ្ទប់យើង ដោយយកបញ្ហានយោបាយ នៃឬសគល់តេក្វាន់ដូហ្នឹង ប្រទេសមួយនោះ»

ប្រមុខសហព័ន្ធដដែលបានបង្ហាញពីសារៈប្រយោជន៍នៃកីឡា ហើយកីឡាអាចជួយឲ្យជាតិសាសន៍មួយ កំពុងបែកបាក់មានការរួបរួមសាមគ្គីជាតិ គេចផុតពីការជិះជាន់ទៀតផង។ លោកបានលើកឧទាហរណ៍ជាក់ស្ដែង «នៅកូរ៉េមានរឿងធាក់កង់មួយ ប្រទេសជប៉ុនឈ្លានពានគាត់ពីអតីតកាល ចឹងបន្ដុះបង្អាប់ថា កូរ៉េហ្នឹង ជាជាតិសាសន៍ទន់ខ្សោយ ប៉ុន្ដែមានវីរៈបុរសគេម្នាក់ ខំហាត់អារឿងធាក់កង់ហ្នឹង ប្រកួតជាមួយជើងខ្លាំងធាក់កង់ជប៉ុន ហើយជាតិសាសន៍កូរ៉េ ដែលកំពុងបាក់បែក គ្មានជំនឿជាក់ថា ខ្លួនជាជាតិសាសន៍មួយទន់ខ្សោយ ត្រូវបានឈ្លានពាន ដោយសារវីរៈបុរសម្នាក់ហ្នឹង ប្រណាំងកង់ឈ្នះ ធ្វើឲ្យជាតិរបស់គាត់ ជឿជាក់ថា គាត់មិនមែនទន់ខ្សោយ ហើយរួបរួមតាមរយៈកីឡា ធ្វើឲ្យជប៉ុនពិបាកគ្រប់គ្រង រើបំរាស់ចេញពីការជិះជាន់ ដាក់នឹមអាណានិគមរបស់ជប៉ុន»

ពាក់ព័ន្ធនឹងការព្យាយាមដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ វិញ ក៏មិនខុសគ្នាដែរ ដោយលោក កែវ រ៉េមី បញ្ជាក់ថា «កីឡានេះ មានសារៈសំខាន់ណាស់ អាចបង្រួបបង្រួមជាតិសាសន៍មួយ ដែលកំពុងបាក់បែករួបរួមគ្នាបាន យើងព្យាយាមឲ្យកីឡាតេក្វាន់ដូ ITF ចូលស៊ីហ្គេម យើងសង្ឃឹមថា ជាតិសាសន៍ ២នោះ រួបរួមតាមរយៈកីឡា ក៏ប៉ុន្ដែផ្ទុយទៅវិញ គាត់ប្រឆាំងគ្នាឥតឈប់។ បងប្អូនខ្លួនឯងទេ តែប្រឆាំងគ្នាឥតឈប់តែម្ដង ហើយតាមរយៈនៃការប្រឆាំងគ្នានេះ ខ្ញុំមើលឃើញថា ជាតិសាសន៍នេះ មិនអាចរួបរួមគ្នាបានទេ យើងព្យាយាមជួយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏លោកបានទៅធ្វើបទបង្ហាញ ធ្វើសន្ទរកថានៅពិភពលោក ក៏ចង់ឃើញប្រទេសទាំងពីរនោះរួបរួមគ្នាដែរ»

លោកបន្ដថា «តាមរយៈកីឡានេះ គឺជារឿងសំខាន់ណាស់ តែនេះជារឿងរបស់គាត់ យើងសោកស្ដាយដែរ តែយ៉ាងណាក៏ដោយនិយាយរឿងក្មួយៗ អត់មានអ្វីចាញ់សោះ ITF មែនឬមែន? កន្លងមកយើងធ្លាប់ចូលស៊ីហ្គេមណា ហើយឥឡូវអត់ចូលទៀត មានអីស្លាប់? អត់ទេ។ ចឹងយើងត្រៀមទៅប្រកួត World Champions នៅក្រៅប្រទេសទៀត ឈ្នះលើកទង់ជាតិខ្មែរដូចគ្នាទេ។ យ៉ាងម៉េចក៏ដោយ អត់មានបាក់ទឹកចិត្តទេ យើងអត់ដែលចាញ់ គ្មានអ្វីត្រូវបាត់បង់ទេ តាំងពីងើបបាតដៃទទេ រហូតដល់ហក់ចូលទៅស៊ីហ្គេម គេទប់នៅស៊ីហ្គេម ខ្វែងដៃខ្វែងជើង។ មានតែកម្ពុជាទេ ដែលបង្កើតប្រវត្តិសាស្ដ្របញ្ចូល ITF ចូលស៊ីហ្គេម សូម្បីតែនៅអឺរ៉ុប ពិភពលោក គេទទួលស្គាល់ស្នាដៃ ITF របស់កម្ពុជា អបអរសាទរ ITF កម្ពុជាដែរ»

ចុងក្រោយមលោក កែវ រ៉េមី បានជំរុញឲ្យមហាគ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា រួបរួមគ្នាបន្ដទៀត ដើម្បីជំរុញតេក្វាន់ដូ ITF កម្ពុជា ឲ្យកាន់តែខ្លាំងក្លា ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃណាមួយ តេក្វាន់ដូ ITF កម្ពុជា នឹងចូលស៊ីហ្គេមឲ្យបាន។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ធ្វើឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៨-៣០ ខែកញ្ញា ដោយមានកីឡាករ-កីឡាការិនី ១៣៨នាក់ មកពី ១៧សមាគម/ក្លិបចូលរួម។ ជាលទ្ធផលក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ ២០គ្រឿង (មាស ៨ ប្រាក់ ៤ និងសំរឹទ្ធ ៨)។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស២ ប្រាក់ ៤ និងសំរឹទ្ធ ៨) ខណៈក្លិបយុវជន ឈរលេខ៣ ឈ្នះមេដាយសរុប ៥គ្រឿង (មាស ២ និងប្រាក់ ៣)៕