(ភ្នំពេញ)៖ សាលារៀនអារីហ្សូនសាខាខេត្តសៀមរាប ប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិត

មត្តេយ្យបឋម និងការប្រគល់រង្វាន់ជូនដល់សិស្សពូកែប្រចាំឆ្នាំសិក្សា២០២១-២០២២ ក្រោមការចូលរួមពីលោក សួរ វណ្ណស៊ី ប្រធានការិយាល័យអប់រំក្រុង សៀមរាប និងគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ។

កម្មវិធីនេះរៀបចំឡើងនៅសាលារៀន អារីហ្សូន សាខាខេត្តសៀមរាប ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។

លោក សួរ វណ្ណស៊ី បានថ្លែងថា ក្នុងនាមជាប្រធានការិយាល័យអប់រំក្រុង សៀមរាប សូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោកនាយក លោកគ្រូ អ្នកគ្រូ បុគ្គលិក លោក-លោកស្រី ជាមាតាបិតា និងអ្នកអាណាព្យាបាល និងកូនៗដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមត្តយ្យបឋម លិខិតសរសើរ និងការប្រគល់រង្វាន់ជូនដល់សិស្សានុសិស្សចំណេះទូទៅភាសាខ្មែរ
និងភាសាអង់គ្លេសប្រចាំឆ្នាំសិក្សា ២០២១-២០២២។

លោកបានប​ន្ដថា សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប ពិតជាបានខិតខំជំរុញការសិក្សារបស់កូនៗយ៉ាងខ្លាំងក្លា​ ស្របតាមកម្មវិធិសិក្សាជាតិ របស់ក្រសួងអប់រំយុវជន និងកីឡា និងកម្មវិធីសិក្សាអន្តរជាតិ ដើម្បីទទួលបាន
ជោគជ័យដូចថ្ងៃនេះ។

លោកបន្ថែមថា «សាលារៀន អារីហ្សូន បានបណ្តុះបណ្តាលកូនរបស់ខ្ញុំដោយផ្ទាល់ ដោយក្នុងនោះកូនទី១បានបញ្ចប់ BacII ឆ្នាំសិក្សា២០២០-២០២១ ទទួលបាននិទ្ទេសល្អ ហើយកូនទី២នឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅដើមខែធ្នូខាងមុខ»។

សូមជម្រាបថា កន្លងមកសាលារៀន អារីហ្សូន ពិតជាបានខកខានក្នុងការរៀបចំកម្មវិធីបែបនេះ ដោយសារការរីករាលដាលជំងឺ១៩ បានអូសបានបន្លាយរយៈពេល២ឆ្នាំ។ ថ្មីៗនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ មានសភាពធូរស្រាលឡើងវិញ។

ជាការពិតណាស់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងឆ្នាំ២០២០ និង២០២១ ពិតជាបានធ្វើឲ្យមានផលប៉ះពាល់ ដល់ការសិក្សារៀនសូត្រ ព្រមទាំងការបង្រៀននៅក្នុងថ្នាក់ផ្ទាល់ពិតប្រាកដមែន។

សាលារៀន អារីហ្សូន បានធ្វើការសម្របខ្លួនបានយ៉ាងល្អប្រសើរ ដើម្បីអាចឲ្យកូនៗ និងលោកគ្រូអ្នកគ្រូ បន្តការរៀន និងបង្រៀនយ៉ាងរលូន តាមរយៈការបង្រៀនតាមប្រព័ន្ធអនឡាញក្នុងបរិបទកូវីដ១៩។

លោក សួរ វណ្ណស៊ី បានបន្ដថា «ខ្ញុំផ្តាំផ្ញើដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅ សាលារៀន អារីហ្សូន មានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំបណ្ដុះបណ្ដាល ឲ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសិក្សាបន្តនៅថ្នាក់បន្ទាប់ ពោលគឺសមត្ថភាពសិក្សាឱ្យបានពូកែជាបន្តបន្ទាប់»។

លោកបានបញ្ជាក់ថា «ថ្ងៃនេះក្នុងនាមប្រធានការិយាល័យអប់រំក្រុង និងរូបខ្ញុំផ្ទាល់ពិតជាមានមោទនភាព ដែលបានឃើញកូនៗបានបញ្ចប់ការសិក្សា កម្រិតមត្តេយ្យ និងថ្នាក់ទី៦ និងភាសាអង់គ្លេសដោយជោគជ័យ មត្តេយ្យមានចំនួសរុប៣៣នាក់ ថ្នាក់ទី៦ចំនួនសរុប ៣៩នាក់ និងសិស្សអង់គ្លេសប្រចាំឆ្នាំសរុបចំនួន៣៩នាក់ផងដែរ»៕