(ភ្នំពេញ)៖ ដំណាលគ្នានឹងការទទួលរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏នឹងរៀបចំនូវកម្មវិធីរត់កម្សាន្ដ OCA Fun Run ដើម្បីអបអរសាទរមហាសន្និបាតនេះផងដែរ ពិសេសដើម្បីអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិន។

តាមរយៈកម្មវិធី OCA Fun Run នេះដែរ ភាគីចិន បានចាត់ទុកគឺជាឱកាសល្អមួយ ដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសរបស់ខ្លួន ពិសេសទីក្រុង Hangzhou ដែលទទួលរៀបចំការប្រកួតលើកដំបូង ក្នុងប្រវត្តិចិនធ្វើម្ចាស់ផ្ទះ ៣លើកកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោក Xu Jianfeng ប្រធានផ្នែកទំនាក់ទំនងកាបរទេស នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022។

លោកបានលើកឡើងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំកម្មវិធី OCA Fun Run នៅទីស្នាក់ការ NOCC ក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC នៅល្ងាចថ្ងៃទី០១ ខែកញ្ញានេះ។ លោក Xu Jianfeng បាននិយាយថា «ខ្ញុំសូមសម្ដែងសេចក្ដីត្រេកអរ ដែលកម្ពុជា បានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ក៏ដូចជាការរៀបចំនូវកម្មវិថី OCA Fun Run ដើម្បីអបអរសាទរជាមួយព្រឹត្តិការណ៍កីឡាអាស៊ី នៅ Hangzhou»។

លោកថា កម្មវិធីរត់កម្សាន្ដស្អែកនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់គណៈកម្មការរបស់ខ្លួន ក៏ដូចជាមុខមាត់របស់ប្រទេសចិន ដើម្បីផ្សព្វផ្សាយពីការប្រកួតកីឡាអាស៊ី ទៅកាន់មហាជន ជាពិសេសបណ្ដាសមាជិក OCA ដែលនឹងចូលរួមមហាសន្និបាតនៅកម្ពុជា ហើយក៏ជាឱកាសល្អ សម្រាប់ខ្លួនធ្វើបទបង្ហាញពីវឌ្ឍនភាពការងាររបស់ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ក៏ដូចជាការត្រៀមខ្លួន ទទួលអត្តពលិក រហូតដល់ ៤៥ប្រទេសក្នុងតំបន់អាស៊ី ក្នុងការប្រកួតនេះផងដែរ។

លោកបន្ថែមថា «ខ្ញុំសង្ឃឹមថា ការរត់ Fun Run នៅកម្ពុជានេះ បានដើរតួយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយពី 19th Asian Games Hangzhou 2022 ទៅកាន់មហាជន ពិសេសប្រជាជនកម្ពុជា ឲ្យគាត់បានស្គាល់កាន់តែច្បាស់ពីអ្វីទៅជាកីឡាអាស៊ី ហើយមានប៉ុន្មានប្រភេទកីឡា និងវិញ្ញាសាចូលរួម? ក្នុងបរិបទកូវីដ-១៩ យើងពិបាកក្នុងការរៀបចំ Fun Run បែបនេះ ដើម្បីផ្សព្វផ្សាយពីកីឡាអាស៊ីរបស់យើង។ អ៊ីចឹងជាថ្មីម្ដងទៀត ខ្ញុំសូមអរគុណ NOCC ដែលទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត OCA និងរៀបចំ Fun Run នេះឡើង»៕