(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានរៀបចំពិធីទទួលទានអាហារមេត្រីភាព ដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត រដ្ឋទូត និងអគ្គកុងស៊ុលកិត្តិយស នៃសហភាពអឺរ៉ុប ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកសហភាពអឺរ៉ុប និងក្រុមហ៊ុន ជីប ម៉ុង ឱ្យកាន់តែមានភាពជិតស្និទ្ធ។ កម្មវិធី ធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងពិធីទទួលទានអាហារមេត្រីភាពនេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានសម្តែងនូវការអរគុណ និងកោតសរសើរ ដល់សហភាពអឺរ៉ុប ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា អស់រយៈពេលជិត ៣ ទសវត្សរ៍កន្លងមក លើវិស័យអប់រំ បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងកិច្ចការមនុស្សធម៌ ដែលចូលរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបង្ហាញដល់ភ្ញៀវកិត្តិយសទាំងអស់ អំពីសក្តានុពលរបស់ក្រុមហ៊ុន ដែលមានវត្តមានលើទីផ្សារកម្ពុជាជិត ៤ ទសវត្សរ៍មកហើយ និងមានពាណិជ្ជកម្មចំនួន ១៤ ក្នុងវិស័យសំណង់ ការអភិវឌ្ឍអចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ រោងចក្រផលិតកំប៉ុង សណ្ឋាគារ និងបដិសណ្ឋារកិច្ច និងទីលានវាយកូនហ្គោល ជាដើម។ សមិទ្ធផលទាំងអស់នេះអាចសម្រេចទៅបាន ក៏ដោយសារកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតជាមួយបណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទាំងសហភាពអឺរ៉ុប ដែលធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង អាចចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងបរិស្ថានប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង មិនត្រឹមតែនាំចូលយីហោល្បីៗ និងផលិតផលមានគុណភាពជាច្រើនពីប៉ែកអីរ៉ុបប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានបុគ្គលិកបរទេសជាច្រើននាក់ពី បារាំង អេស្ប៉ាញ អង់គ្លេស ក្រូអាត អ៊ីតាលី បានពាំនាំយកមកនូវចំណេះ ជំនាញ និងបទពិសោធដ៏ច្រើន មកអភិវឌ្ឍ ចែករំលែក និងបណ្តុះបណ្តាលធនធានមនុស្សក្នុងប្រទេសកម្ពុជាផងដែរ៕