(ឡូសាន)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននឹងកំពុងពិចារណា អំពីការវិលត្រឡប់ទៅកាន់ការប្រកួតវិញ នៃអត្តពលិករុស្ស៊ី ដែលមិនគាំទ្រការឈ្លានពានរបស់ប្រទេសពួកគេលើប្រទេសអ៊ុយក្រែន។ នេះបើតាមសម្តីប្រធាន IOC លោក Thomas Bach ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។

IOC បានចេញសេចក្តីណែនាំទៅកាន់ស្ថាប័នគ្រប់គ្រងកីឡាកាលពីខែកុម្ភៈ ឲ្យដកអត្តពលិករុស្ស៊ី និងបេឡារុសចេញពីការប្រកួត។ បេឡារុស ត្រូវបានប្រើប្រាស់ជាទីតាំងដែនគោក សម្រាប់ការឈ្លានពានរបស់រុស្ស៊ី ដែលរដ្ឋាភិបាលទីក្រុង Moscow បានហៅថា «ប្រតិបត្តិការយោធាពិសេស»។

«វាមិនចាំបាច់នោះទេអំពីការវិលត្រឡប់មកវិញរបស់រុស្ស៊ី។ វាគឺជាការមានអត្តពលិកដែលមានលិខិតឆ្លងដែនរុស្ស៊ី ដែលមិនគាំទ្រសង្គ្រាមវិលត្រឡប់មកវិញ នៅក្នុងការប្រកួត» នេះបើតាមសម្តីលោក Bach បានប្រាប់សារព័ត៌មានអ៉ីតាលី Corriere della Sera៕