(ភ្នំពេញ)៖ ប្រទេសកម្ពុជាបានទទួលយកនូវប្រព័ន្ធសេដ្ឋកិច្ចបែបទីផ្សារសេរី ដែលបើកឱកាសឱ្យមានការចូលមកវិនិយោគពីជនបរទេសមកពីគ្រប់ទិសទីជុំវិញសកលលោក និងមានកំណើនឥតឈប់ឈរ។ ទន្ទឹមនឹងនេះ យើងឃើញថាលំហូរនៃជនបរទេសដែលបានចូលមកទឹកដីកម្ពុជាក៏មានការកើន ឡើងជាលំដាប់ ក្នុងគោលបំណងទេសចរណ៍ វិនិយោគ និងបំពេញការងារជាអាទិ៍។

ជនបរទេសទាំងនោះ គឺភាគច្រើនបានប្រើប្រាស់ភាសាខុសៗគ្នា ដូចនេះមិនថាទំនាក់ទំនងជំនួញ ឬទំនាក់ទំនងការងារទេ គឺចាំបាច់ណាស់ក្នុងការមានជំនួយពីអ្នកបកប្រែ ដើម្បីមានភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា។ ហេតុដូចនេះទើបនៅក្នុងនីតិវិធីតុលាការកម្ពុជា ក៏បានកំណត់អំពីសិទ្ធិរបស់តុលាការក្នុងការរកជំនួយរបស់អ្នកបកប្រែ ជាពិសេសនៅក្នុងនីតិវិធីព្រហ្មទណ្ឌ ដែលមានភាគី ឬសាក្សី ជាជនបរទេសដែលមិនអាចប្រើភាសាខ្មែរបាន ឬជនពិការដែលមិនអាចនិយាយ ឬស្ដាប់បាន ពីព្រោះអ្នកបកប្រែមានតួនាទីយ៉ាងសំខាន់ក្នុងការជំនួយដល់នីតិវិធី តាមរយៈការបកប្រែចម្លើយរបស់ភាគី ឬសាក្សី ដើម្បីឈានទៅដល់ការស្វែងរកការពិតពីការបំភ្លឺរបស់បុគ្គលទាំងនោះ។

ជាមួយគ្នានេះ មានសំនួរមួយលើកឡើងថា «តើអ្នកបកប្រែត្រូវបានផ្តន្ទាទោសដែរឬទេ ប្រសិនបើអ្នកបកប្រែបានប្រព្រឹត្តកំហុសក្នុងការបកប្រែរបស់ខ្លួន» ?

ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទបំភ្លៃដោយអ្នកបកប្រែ» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម៖

អ្នកបកប្រែ សំដៅដល់បុគ្គលដែលធ្វើសកម្មភាពបកស្រាយអត្ថន័យពីភាសាមួយ ទៅជាភាសាមួយទៀត ដោយផ្ទាល់មាត់ក្ដី និងដោយអត្ថបទក្ដី។ ជាគោលការណ៍ មុននឹងអ្នកបកប្រែមកធ្វើការបកប្រែនៅក្នុងនីតិវិធីតុលាការ ត្រូវស្បថស្របតាមសាសនា ឬជំនឿរបស់ខ្លួនថាខ្លួននឹងជួយដល់តុលាការ និងបកប្រែឱ្យបានត្រឹមត្រូវតាមចម្លើយទាំងឡាយ។

ក្នុងករណីណាក៏ដោយ អ្នកបកប្រែនឹងមិនអាចត្រូវបានជ្រើសរើសក្នុងចំណោមចៅក្រម ក្រឡាបញ្ជី នគរបាល កងរាជអាវុធហត្ថ ភាគី ឬសាក្សីទេ។ ជាការពិតណាស់ ប្រសិនបើអ្នកបកប្រែធ្វើការបកស្រាយអត្ថន័យពីភាសាមួយ ទៅភាសាមួយទៀត ដោយផ្ទាល់មាត់ក្ដី ដោយអត្ថបទក្ដី ក្នុងគោលបំណងធ្វើឱ្យមានការយល់ខុសពីអត្ថន័យពិតប្រាកដនៃចម្លើយរបស់គូភាគី ឬសាក្សី ដូចនេះក្រៅពីការទទួលទណ្ឌកម្មពីការស្បថតាមសាសនា ឬជំនឿរបស់ខ្លួនហើយនោះ អ្នកបកប្រែក៏ត្រូវបានផ្តន្ទាទោសស្របតាមបញ្ញត្តិមាត្រា ៥៥០ នៃក្រមព្រហ្មទណ្ឌផងដែរ ដែលបានចែងថា «អំពើប្រព្រឹត្តដោយអ្នកបកប្រែ ដែលបំភ្លៃដោយចេតនានូវខ្លឹមសារនៃភាសា ឬឯកសារដែលបកប្រែ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល»

សរុបមក អ្នកបកប្រែអាចត្រូវបានផ្តន្ទាទោសស្របតាមបញ្ញត្តិខាងលើបាន លុះត្រាតែអ្នកបកប្រែមានចេតនាបំភៃ្លនូវខ្លឹមសារនៃភាសា ឬឯកសារដែលបកប្រែនោះ៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក លី លីនដូ ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.