(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland ធ្វើបានហែតទ្រីក (៣គ្រាប់) ក្នុងជំនួបដែលម្ចាស់ផ្ទះ Manchester City យកឈ្នះគូប្រជែង Manchester United នៃជំនួប Derby នៃលីគកំពូលអង់គ្លេស Premier League នារាត្រីថ្ងៃអាទិត្យ។

Haaland ក៏ជាកីឡាករដំបូងរបស់ City ដែលស៊ុតបញ្ចូលទីបាន៣គ្រាប់ទល់នឹង Man Utd ចាប់តាំងពី Francis Lee ធ្វើបានក្នុងខែធ្នូ ឆ្នាំ១៩៧០ និងជាកីឡាករទី៣ ផងដែរ បន្ទាប់ពី Horace Barnes ធ្វើបានកាលឆ្នាំ១៩២១។

រូបគេបានលេងសហការគ្នាយ៉ាងល្អជាមួយ Phil Foden ដើម្បីបើកការនាំមុខ Utd ក្នុងលទ្ធផល ៤ទល់នឹង០ ត្រឹមតែរយៈពេល ៤៥នាទីដំបូង នៅមុនពេលធ្វើបាន ៣គ្រាប់ក្នុងនាទីទី៦៤ ក្នុងការបង្កើនគ្រាប់រហូតដល់ ១៧គ្រាប់នៅ Premier League នារដូវកាលឆ្នាំ២០២២-២០២៣ នាំមុខគេដាច់ក្នុងការប្រជែងស្បែកជើងមាស។

ដូចគ្នានោះដែរ នេះក៏ជាគ្រាប់បាល់ hat trick លើកទី៣ របស់កីឡាករសញ្ជាតិន័រវេស វ័យ ២២ឆ្នាំខាងលើផងដែរនៅដើមរដូវកាលនេះ ក្លាយជាកីឡាករដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត Premier League៕