(បរទេស)៖​​ តារាចម្រៀងល្បីឈ្មោះរបស់អង់គ្លេស​លោក ​Ed Sheeran ត្រូវបានរាយការណ៍មកថា​​ នឹងឡើងតទល់ក្តីក្នុងសវនាការ​ជុំវិញបណ្តឹង ដែលមានតម្លៃជាទឹកប្រាក់ចំនួន​១០០លានដុល្លារ​​​ ខណៈបណ្តឹងនេះបានកើតមានឡើង បន្ទាប់ពីមានការទាមទារថា​ ស្នាដៃចម្រៀងរបសលោក​ ដែលផ្ទុះខ្លាំងកាលពីឆ្នាំ២០១៤ ចំណងជើងថា​​ «Thinking Out Loud» បានចម្លងចេញពីបទរបស់​តារាចម្រៀង​​ Marvin Gate ចំណងជើងថា «Let's Get It On»។​ បច្ចុប្បន្នចៅក្រមសហព័ន្ធក្នុងតំបន់ Manhattan​ បានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់តារាចម្រៀងវ័យ៣១ឆ្នាំរូបនេះ និងបញ្ចូនសំណុំរឿងទៅកាត់ក្តីបន្តនាពេលខាងមុខ។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន msn នាពេលថ្មីៗនេះ។​

បើយោងតាមចៅក្រមរបស់តារាចម្រៀង​​​ Ed Sheeran ពាក្យបណ្តឹងដែលបានចោទប្រកាន់ទៅលើតារារូបនេះ​ គឺគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវឡើយ ព្រោះ​ធាតុផ្សំដែលស្រដៀងគ្នារវាងបទចម្រៀងទាំងពីរមិនមានភាព «Unique» ដែលត្រូវបានគ្របដណ្តប់នៅក្រោមច្បាប់ កម្មសិទ្ធបញ្ញា។​ ទោះជាយ៉ាងណាក៏ដោយ​ ចៅក្រមនៅសហរដ្ឋអាមេរិកបាននិយាយថា តារាចម្រៀង Sheeran ត្រូវតែប្រឈមនឹងគណៈវិនិច្ឆ័យ ដើម្បីដោះស្រាយបន្តទៀត។

ទោះជាបែបនេះក្តី គេមិនទាន់ដឹងឡើយថាតើ រឿងក្តីរបស់តារាចម្រៀង​​ ​​​E​d Sheeran ខាងលើនេះទៅជាយ៉ាងណា​ ខណៈកាលបរិច្ឆេទនៃការឡើងសវនាការគឺនៅមិនទាន់កំណត់ពេលនៅឡើយ៕