(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក Real Madrid បានបញ្ចប់កំណត់ត្រាឈ្នះរបស់ខ្លួនត្រឹមសប្តាហ៍ទី៧ ជើងទី១ នៃលីគកំពូលអេស្ប៉ាញ La Liga នៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយក្រុមភ្ញៀវ Osasuna គ្រាដែលកីឡាករសំខាន់ Karim Benzema បរាជ័យទាត់បាល់ប៉េណាល់អត់ចូលចុងម៉ោង។

នេះមានន័យថា ក្រុមរបស់លោក Carlo Ancelotti ស្គាល់រកជាតិបាត់បង់ ៣ពិន្ទុជាលើកដំបូង ពីលទ្ធផលនេះនារដូវកាលថ្មីនេះ ក្រោយពេលឈ្នះ ៦ប្រកួតជាប់ៗគ្នានាពេលកន្លងមក។

កីឡាករខ្សែប្រយុទ្ធជួរមុខ Vinicius Junior ជាអ្នករកបានគ្រាប់នាំមុខនៅនាទីចុងម៉ោងនៃវគ្គទី១ ពីការរួមចំណែកបញ្ជូនបាល់របស់ Benzema ដែលទើបជាពីរបួស នៅមុនពេល Kike ជាអ្នករកបានគ្រាប់តាមស្មើ ១-១ មកវិញឲ្យ Osasuna នៅមុនពេលបាត់បង់មិត្តរួមក្រុម Garcia ដែលត្រូវបានពិន័យកាតក្រហមពីការបង្កកំហុសទៅលើ Benzema នៅនាទី៧៨ នោះ។

តែយ៉ាងណា ឱកាសបន្តរកបាន ៣ពិន្ទុត្រូវបានខកទៅវិញ នៅពេលកីឡាករបារាំង Benzema ប៉េណាល់ទីទៅប៉ះចំរបារទីខាងលើ ដែលធ្វើឲ្យក្រុមរបស់ពួកគេធ្លាក់មកឈរនៅតំណែងលេខ២ ក្នុងតារាងពិន្ទុស្មើជាមួយ FC Barcelona ជាមួយ ១៩ពិន្ទុស្មើគ្នា តែចាញ់គ្រាប់ចំណេញ៕