(សិង្ហបុរី)៖ ព្រឹត្តិការណ៍ Formula 1 ជុំទី១៧ ក្រុមប្រណាំងរថយន្ត Red Bull បន្តរកបានតំណែងជើងឯក បន្ទាប់ពីកីឡាករ Sergio Perez ធ្វើបានក្នុងកម្មវិធីប្រណាំង Singapore Grand Prix 2022 ដែលមានគូប្រជែង Charles Leclerc និង Carlos Sainz ឈរលេខ២ និងលេខ៣ របស់ក្រុមរថយន្តប្រណាំង Ferrari។

តាមរយៈការធ្វើបានរបស់មិត្តរួមក្រុម Red Bull បានធ្វើឲ្យកីឡាករជើងខ្លាំង Max Verstappen មិនអាចសម្រេចបានតំណែងជើងឯកពិភពលោកនោះទេត្រឹមជុំទី១៧ នេះ ដែលស្ថិតក្នុងនាមជាអ្នកកំពុងឈ្នះបាន ១១កម្មវិធីនារដូវកាលនេះ ខណៈការប្រកួតរូបគេ បានបញ្ចប់នៅលេខរៀងទី៧ នាទឹកដីអាស៊ី។

គួរបញ្ចាក់ផងថា ជាបណ្តោះអាសន្នកីឡាករ Perez កំពុងឈ្នះបាន ២កម្មវិធីហើយជាមួយនឹង Max Verstappen ធ្វើបាន ១១ដង គ្រាដែលក្រុមប្រណាំង Ferrari បើកដោយកីឡាករ Charles Leclerc រកបាន ៣លើក និង Carlos Sainz ធ្វើបាន ១លើក ដ្បិតនៅសល់ ៥កម្មវិធីទៀតនឹងបញ្ចប់រដូវកាលនេះ។

កម្មវិធីបន្ទាប់នឹងធ្វើឡើងនៅទឹកដីប្រទេសជប៉ុន Japan Grand Prix 2022 ជាជុំទី១៨ ចាប់ពីថ្ងៃទី០៧-០៩ ខែតុលា ឆ្នាំ២០២២ នេះ ដែលមានរយៈចម្ងាយ ៥,៨០៧គីឡូម៉ែត្រ ដែលមាន ៥៣ជុំនៃការប្រណាំង៕