(ភ្នំពេញ)៖ ដៃគូសហការថ្មីនៃក្រុមបាល់ទាត់ ISI ដង្កោសែនជ័យ គឺក្រុមហ៊ុន AIA បានពិចារណាអញ្ជើញគ្រូបង្វឹកក្លិប Tottenham Hotspur មកចែករំលែកបទពិសោធន៍ ដើម្បីរួមចំណែកពង្រឹងក្រុមសមាជិកលីគទី២ មួយនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការលើកឡើងនេះ បន្ទាប់ពីក្រុម ISI សែនជ័យ បានប្រកាសក្រុមហ៊ុនខាងលើ ជាដៃគូឧបត្ថម្ភផ្លូវការរយៈពេល ២ឆ្នាំ កាលពីចុងសប្ដាហ៍កន្លងទៅ ព្រមទាំងបានផ្លាស់ប្ដូរឈ្មោះថ្មីនៃកីឡដ្ឋានរបស់ខ្លួន ទៅជាកីឡដ្ឋាន AIA Stadium KMH Park ទៀតផង បន្ទាប់ពីកីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ បានសាងសង់រួចរាល់កាលពីថ្មីៗ។

លោក កាំង សេន ប្រធានក្លិបកំពុងឈរលេខ៣ នៃលីគទី២ ខាងលើបានសម្ដែងសេចក្ដីរីករាយ ដែលបានដៃថ្មី ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន។ ម្យ៉ាងតាមរយៈកិច្ចសហការនេះ លោកក៏សង្ឃឹមថា AIA នឹងអញ្ជើញកីឡាករ Spurs មកលេងនៅកីឡដ្ឋានរបស់ខ្លួន តាមអ្វីដែលអ្នកគាំទ្រចង់ឃើញផងដែរ។

ឆ្លើយតបនឹងការលើកឡើងរបស់ប្រធានក្លិបវ័យក្មេងនេះដែរ លោក សំរិទ្ធ មុនី នាយកនៃនាយកដ្ឋានចែកចាយក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្នុងនាមដៃគូសហការយូរឆ្នាំជាមួយក្លិប Spurs កន្លងមក AIA ធ្លាប់បាននាំយកគ្រូបង្វឹកក្លិបក្របខណ្ឌ English-Premier League មកបង្ហាត់ ក៏ដូចជាចែករំលែកបទពិសោធន៍ដល់គ្រូបង្វឹក និងកុមារនៅកម្ពុជាជាច្រើនលើកមកហើយ មុនផ្ទុះជំងឺកូវីដ-១៩។

ដូច្នេះក្រោយស្ថានភាពកូវីដ-១៩ ធូរស្រាល ក្រុមហ៊ុនរបស់ខ្លួន នឹងបន្ដសកម្មភាពនេះ ដោយគ្រោងនាំយកគ្រូបង្វឹក Spurs មកកម្ពុជាទៀត ពិសេសសហការជាមួយក្លិប ISI ដង្កោសែនជ័យតែម្ដង។ លោកថា «ឥឡូវកម្ពុជាបានបើកលំហរអាកាសវិញ យើងនឹងបន្ដសកម្មភាពនេះ ដោយយើងនឹងនាំគ្រូបង្វឹកយ៉ាងម៉េច? យើងនឹងចរចារជាមួយលោក កាំង សេន បន្ដទៀត តើយើងអាចយកគ្រូបង្វឹក Spur មកយ៉ាងម៉េច?»

សូមបញ្ជាក់ថា ការប្រកាសដៃគូសហការ និងការផ្លាស់ប្ដូរឈ្មោះថ្មីខាងលើ ធ្វើឡើង ១ថ្ងៃមុន ក្រុម ISI ដង្កោសែនជ័យ បើកទ្វារផ្ទះទទួលក្រុមសាលាបាល់ទាត់ជាតិបាទី ដែលជាការប្រកួតផ្លូវការលើកដំបូង នៅកីឡដ្ឋាន AIA Stadium KMH Park កាលពីល្ងាចថ្ងៃទី០២ ខែតុលា ដោយពួកគេបានយកឈ្នះក្រុមភ្ញៀវ ក្នុងលទ្ធផល ៤-១ ចំពោះមុខអ្នកទស្សនាជិត ៤ពាន់នាក់។ ក្នុងឱកាសនោះ ISI ក៏បានប្រកាសក្រុមហ៊ុនដៃគូឧបត្ថម្ភធំៗជាច្រើនទៀតផងដែរ៕