(ភ្នំពេញ)៖ លោក សាត ស៊ីវ៉ែន ស្ថាបនិកពានរង្វាន់បាល់ទាត់ Makor Futsal នឹងពង្រីកការប្រកួតកាន់តែធំ ដោយមានការបង្កើតលីគធំ និងលីគទី២ ផ្សេងគ្នា ដើម្បីផ្ដល់ឱកាសដល់ក្រុម ក៏ដូចជាយុវជន បានចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាពពិសេស ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ហ្វូតសាលកម្ពុជានេះឲ្យកាន់តែរីកចម្រើនថែមទៀត។

ការលើកឡើងនេះ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ Makor Futsal Cup U23 2022 កាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីចំណាយពេលជាង ២ខែ ដោយក្រុមជើងឯកបានទៅក្រុម DIG88 បន្ទាប់ពីប្រកួតឈ្នះគូប្រជែង Royal Mayura ដោយលទ្ធផល ៦-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រនោះ។ លោកបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតនេះដែលដំណើរការដោយរលូន និងទទួលបានជោគជ័យលើសពីការរំពឹងទុក។

ស្ថាបនិកពានវ័យក្មេងខាងលើបានបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួតពានយុវជនអាយុក្រោម ២៣ឆ្នាំនេះ លោកនឹងរៀបចំពាន Futsal League វិញម្ដង ដោយមានលីគធំ និងលីគទី២ ដែលអាចនឹងចាប់ផ្ដើមការប្រកួតដំណាលគ្នា ឬខុសគ្នា ១ខែ នៅចុងឆ្នាំ២០២២ នេះ។ ចំពោះបេក្ខភាពក្រុមចូលរួម គឺមានក្នុងដៃស្រាប់ តែអ្វីដែលពិសេសគឺលីគទី២ នឹងត្រូវច្របាច់បញ្ចូលគ្នា រវាងក្រុមសមាជិកពាន Makor Futsal Cup U23 ជាមួយកីឡាករលើសអាយុផ្សេងទៀត។

លោក សាត ស៊ីវ៉ែន បានបន្ដថា «គោលបំណងនៃការពង្រីកពាននេះ ដោយសារខ្ញុំមើលឃើញសន្ទុះ នៃការគាំទ្រ និងការចូលរួមរបស់ក្រុមនីមួយៗ ពិសេសយើងចង់ចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ហ្វូតសាលកម្ពុជា។ ជាក់ស្ដែងក្រុមឈុតធំ កាលពីរដូវកាលទី១ ពួកគាត់ទន្ទឹងរង់ចាំលេង ហើយ U23 ក៏រង់ចាំដូចគ្នា។ ចឹងកុំឲ្យគាត់ចាំយូរ យើងច្របាច់អាហ្នឹងចូលជាពានមួយផ្សេងទៀត ដើម្បីយើងប្រកួតប្រជែងជាមួយលីគធំ»។

សម្រាប់រដូវកាលថ្មីនាពេលខាងមុខ ចំពោះលីគធំ ក្រុមមានពិន្ទុទាបជាងគេ ៣ក្រុម នឹងត្រូវកាត់ទៅលេងលីគទី២ ហើយដំឡើងក្រុមមានពិន្ទុខ្ពស់ជាងគេនៃលីគទី២ ឡើងមកលេងលីគធំវិញ។ លោកពន្យល់បន្ថែមថា «ការធ្វើបែបនេះ ព្រោះយើងទទួលបានភាពវិជ្ជមានច្រើន និងលទ្ធផលល្អជាបន្ដបន្ទាប់នាពេលកន្លងមក ហើយយើងចង់ឲ្យវិស័យនេះដើរទៅរហូត អត់ចង់ធ្វើបន្ដិចឈប់ៗទេ យើងចង់ឲ្យវាដើរទៅមុខរហូត»

គួរបញ្ជាក់ថា ពានរង្វាន់ Makor Futsal Cup U23 2022 បានចាប់ផ្ដើមការប្រកួតកាលពីចុងខែកក្កដា ដោយមានបេក្ខភាព ១៨ក្រុមចូលរួម។ ក្រោយចំណាយពេលជាង ២ខែ ទើបរកឃើញជើងឯក គឺក្រុម DIG88 ខណៈជើងឯករង ក្រុម Royal Mayura និងចំណាត់ថ្នាក់លេខ៣ បានទៅក្រុម Empire of Phoenix៕