(ព្រះសីហនុ)៖ សាលាអន្តរជាតិ អេស អេ អាយ (សិង្ហបុរី) បានបើកកម្មពិធីប្រគល់វិញ្ញាបនប័ត្របញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាពលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីលោក ហឿង ប៊ុនលី ជាអគ្គនាយកសាលាអន្តរជាតិ អេស អេ អាយ (សិង្ហបុរី) លោក វីល្លាម ឡាយ សមាជិកក្រុមប្រឹក្សាភិបាលនៃសាលាអន្តជាតិ អេស អេ អាយ សិង្ហបុរី អភិបាលរងក្រុងព្រះសីហនុ អនុប្រធានការិយាល័យអប់រំ យុវជ និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូបទៀត ដែលធ្វើឡើងនៅសណ្ឋាគារ ឆ្នេរឯករាជ្យ (សណ្ឋាគារ៧ជាន់) ខេត្តព្រះសីហនុ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។

លោក ហឿង ប៊ុនលី បានថ្លែងថា សាលាបានយកចិត្តទុកដាក់លើការប្រឡងវាស់ស្ទង់សមត្ថភាពសិស្ស ទាំងការប្រឡងប្រចាំខែ ឆមាស ឬបញ្ចប់វគ្គ ដោយរៀបចំការប្រឡងដ៏តឹងរឹង និងមានការរៀបចំ វិញ្ញាសាស្តង់ដា រួមទាំងមានគណៈកម្មការកំណែបូកស្រង់ ដែលសកម្មភាពនេះ គឺជាផ្នែកមួយក្នុងគម្រោងកែល្អការអប់រំនៅមធ្យមសិក្សា ដែលសាលារៀនសាធារណៈនានានៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាទូទាំង ប្រទេសបានអនុវត្តដោយទទួលជោគជ័យ នាពេលកន្លងមកសាលាមានទំនាក់ទំនងយ៉ាងប្រសើរ ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងការផ្តល់មតិយោបល់លើអាកប្បកិរិយា ក៏ដូចជាលទ្ធផលសិក្សា របស់សិស្ស និងផ្តល់មតិកែលម្អ ចំពោះការសិក្សារបស់សិស្ស ពិសេស យើងបានរៀបចំពីធីជំនួបអាណាព្យាបាល និងគ្រូបង្រៀនរៀងរាល់ពីដងក្នុងមួយឆ្នាំ និងជួបប្រជុំជាមួយមាតាបិតាសិស្សរៀនយឺតជាប្រចាំ។

លោកបានបន្ថែមថា សាលាអន្តរជាតិ អេស អេ អាយ បានបន្ថែមកម្មវិធី បង្រៀនកុំព្យូទ័រ កម្មវិធីសិល្បៈដូចជា ការបង្ហាត់របាំ ការសម្តែង ការគូរគំនូរ និងច្រៀងចម្រៀង កម្មវិធីលេងកីឡា កម្មវិធីដំណើរកម្សាន្ត ប្រចាំឆ្នាំ កម្មវិធីមនុស្សធម៌ យើងបានរិះរកគ្រប់មធ្យោបាយ លើការអប់រំកុមារតូច គ្រូបង្រៀនដែលមានជំនាញអប់រំកុមារតូច បូករួមបទពិសោធន៍បង្រៀនច្រើនឆ្នាំ និងមុខវិជ្ជា សំខាន់ៗរបស់កុមារតូច មាន ចិត្តចលភាព បុរេសំណេរ បុរេគណិត គំនូរ ចម្រៀង រឿងនិទាន ល្បែងពិសោធន៍ សង្កេត និង ទស្សនាសង្កេត ដែលមានគោលដៅសំខាន់បន្ថែមគឺ អភិវឌ្ឍជំនាញ ការហាត់ប្រាណ និងអនាម័យខ្លួនប្រាណ ការរៀនសូត្រអំពីសីលធម៌ និងការគោរពសកម្មភាពនានា ដែលលើកទឹកចិត្តក្មេងឲ្យមានគំនិតសហការគ្នា អភិវឌ្ឍជំនាញក្នុងការគិត និងសមត្ថភាពក្នុងការរៀនអក្សរខ្មែរ។

ចំពោះកិច្ចការពង្រឹងគុណភាពសិក្សាសិស្ស និងកំណែទម្រង់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា សាលាអន្តរជាតិ អេស អេ អាយ បានអនុវត្តតាមចក្ខុវិស័យ យ៉ាងខ្ជាប់ខ្ជួននៃកិច្ចកំណែទម្រង់នោះគឺ «កសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរ បំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឲ្យក្លាយជាសង្គមរីកចម្រើនលើផ្នែកចំណែះដឹង និងចំណេះធ្វើជាមូលដ្ឋាន» និងឲ្យស្របតាមគោលនយោបាយ «ធានាការអប់រំ មានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត»

ក្នុងឱកាសនោះដែរ លោកស្រី អ៊ុច សោភា បានសូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះលោកនាយក លោកគ្រូ អ្នកគ្រូ បុគ្គលិក លោក-លោកស្រី ជាមាតាបិតា និងអ្នកអាណាព្យាបាល និងសិស្សានុសិស្សដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួម ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាឆ្នាំសិក្សា២០២១-២០២២ និងលិខិតសរសើរ ជូនដល់សិស្សានុសិស្សទាំងអស់។

លោកស្រីបន្ថែមទៀតថា កន្លងមកសាលាអន្តរជាតិ អេស អេ អាយ បានជួបការខកខានក្នុងការរៀបចំកម្មវិធីបែបនេះ ដោយសារការរីករាលដាលពីជំងឺកូវីដ១៩ បានអូសបានបន្លាយរយៈពេល២ឆ្នាំ។ ថ្មីៗនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ មានសភាពធូរស្រាលឡើងវិញ។

លោកស្រីប្រធានមន្ទីរ ក៏បានបន្ដថា ក្នុងឱកាសនេះ លោកស្រីផ្តាំផ្ញើដល់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅ សាលាអន្តរជាតិ អេស អេ អាយ មានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំ បណ្ដុះបណ្ដាល ឲ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសិក្សាបន្តនៅថ្នាក់បន្ទាប់ ពោលគឺសមត្ថភាពសិក្សា ឲ្យបានពូកែជាបន្តបន្ទាប់៕