(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិក Burn X Flash បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រគ្រងជើងឯកព្រឹត្តិការណ៍លីគអាជីព MPL-KH League 2022 វគ្គ Autumn Split សម្រាប់វិញ្ញាសា Mobile Legends: Bang Bang លើកដំបូង បន្ទាប់ពីយកឈ្នះគូប្រជែង Logic E-Sports ដោយលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។

ជ័យជម្នះរបស់ក្រុមជើងឯកខាងលើបានទទួលការកោតសរសើរជាខ្លាំង ចំពោះការចូលរួម MPL Cambodia ដែលជាការប្រកួត MPL KH លើកដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហ្វីលីពីនលោក John Dizon។លើសពីនេះ សុខ រ័ត្ន បានក្លាយជាកីឡាករឆ្នើមបំផុតប្រចាំការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះទៀតផងដែរ។

តាមរយៈជោគជ័យជាលើកដំបូងរបស់ក្រុម Burn X Flash នេះដែរ ពួកគេបានក្លាយជាក្រុមតំណាងកម្ពុជា ដែលទទួលបានកៅអីចូលរួមប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាខែមករា ឆ្នាំ២០២៣ ខាងមុខ។

គួរដឹងថា ការប្រកួតលីគ MPL-KH Autumn គឺមាន ៨ក្រុមចូលរួម ដែលបានធ្វើការប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ (Regular) តាំងពីថ្ងៃទី០៦ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា និងវគ្គខ្វែង (Play off) ប្រកួតពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា មុនបន្ដការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។

ចំពោះលទ្ធផលការប្រកួត និងប្រាក់រង្វាន់ជយលាភី សម្រាប់ក្រុមជើងឯក Burn X Flash ទទួលបានប្រាក់រង្វាន់ ១៦,០០០ដុល្លារ និងក្រុមជើងឯករង Logic E-Sports ទទួលបាន ៨ពាន់ដុល្លារ។ ចំណែកអតីតក្រុមជើងឯកឆ្នាំចាស់ រួមមានក្រុម See You Soon ទទួលបានត្រឹមលេខ៣ អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ និងក្រុម Impunity KH ទទួលបានលេខ៤ អមប្រាក់រង្វាន់ ៣ពាន់ដុល្លារ។ ចំណែក្រុមលេខ៥ ដល់លេខ៨ ក្នុងមួយក្រុម ក៏ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារផងដែរ៕