(បរទេស)៖ YouTube គឺជាបណ្ដាញសង្គមកម្សាន្តបែបវីដេអូដ៏ពេញនិយមមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន ដែលបង្កើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ និងត្រូវបានក្រុមហ៊ុន Google ទិញយកកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៦ ក្នុងតម្លៃ ១,៦៥ពាន់លានដុល្លារអាមេរិក ពោលគឺក្រោយពីវីដេអូដំបូងត្រូវបានបង្ហោះចេញក្នុងរយៈពេល ១៨ខែ។

តើហេតុអ្វីបានជាក្រុមហ៊ុន Google ហានចំណាយលុយដ៏ច្រើនសន្ធឹកទិញយក YouTube ដែលទើបចាប់កំណើតឡើង ទាំងមិនមានប្រាក់ចំណូល ហើយ Google ក៏មាន Google Video ដែលជារបស់ខ្លួនថែមទៀតផង?

ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលត្រូវបានអ្នកវិភាគលើកឡើង៖

១៖ ប្រជាប្រិយភាព
ក្រោយពេល YouTube បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វាបានក្លាយជាបណ្ដាញសង្គមវីដេអូមួយដែល ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកគាំទ្រជាច្រើន ហើយបើតាមស្ថិតិដែលស្រង់ដោយ SEJ (Search Engine Journal) បានឱ្យដឹងថា នៅមុនពេល Google ទិញ YouTube គឺ YouTube កំពុងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១ នៃបណ្ដាញសង្គម វីដេអូដែលមានការគាំទ្រច្រើនជាងគេក្នុងលទ្ធផល ៤៥,៤៦ភាគរយ ខណៈ MySpace Videos មានត្រឹមតែ ២២ភាគរយ, Google Video មាន ១០ភាគរយ និង Yahoo! Video មាន ៦ភាគរយ។

២៖ សហគមន៍
YouTube មិនត្រឹមតែជាបណ្ដាញសង្គមប៉ុណ្ណោះទេ វាបានក្លាយជាសហគមន៍មួយដែលមានការទំនាក់ទំនង ដោយក្នុងនោះម្ចាស់ Channel បានក្លាយជាតារាដែលមានក្រុមអ្នកគាំទ្រតាមរយៈការចុច subscribe ហើយពួកគេបានបង្កើតវីដេអូផ្សេងៗទៅតាមតម្រូវការនៅក្នុងសហគមន៍នីមួយៗ។

៣៖ ពាណិជ្ជកម្ម និងលុយ
មិនថាប្រជាប្រិយភាព ឬសហគមន៍នោះទេ វាក៏មិនអាចទាក់ទាញចិត្ត Google ឱ្យចំណាយប្រាក់រហូតដល់ ១,៦៥ពាន់លានដុល្លារបានដែរ។ ហេតុផលចម្បង និងធំបំផុតនោះគឺការបង្កើតប្រាក់ចំណូលតាមរយៈពាណិជ្ជកម្ម។ ក្រុមហ៊ុន Google បានស្វែងយល់យ៉ាងច្បាស់អំពីរបៀបនៃការបង្កើតប្រាក់ចំណូលពី YouTube ហើយជាលទ្ធផលគឺប្រាក់ចំណូល របស់ Google ប្រចាំឆ្នាំទាំងមូលមាន ៣០ភាគរយបានមកពី YouTube ខណៈដែលគិតត្រឹមឆ្នាំ២០២១ YouTube រកចំណូលបាន ជិត ២៩ពាន់លានដុល្លារ។

ក្រុមហ៊ុន Google ទិញ YouTube តម្លៃ ១,៦៥ពាន់លានដុល្លារ ប៉ុន្តែឥឡូវ YouTube រកចំណូលបានវិញជិត ២៩ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕