(ម៉ាទ្រីដ)៖ ខ្សែប្រយុទ្ធលំដាប់អន្តរជាតិអេស្ប៉ាញ Gerard Moreno ដែលលេងនៅក្លិប Villarreal កំពុងស្ថិតក្នុងការសង្ស័យ ចំពោះការខកខានស្ថិតក្នុងក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា បន្ទាប់ពីលាប់របួសសរសៃពួរកែងជើងរបស់លោក។ នេះបើយោងតាមសារព័ត៌មានស៊ិនហួចេញផ្សាយនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

Moreno មិនបានលេងនោះទេចាប់តាំងពីថ្ងៃទី១១ ខែកញ្ញាមក ហើយបានអវត្តមានពីការប្រកួតលីគ UEFA Nations League នាពេលថ្មីៗនេះរបស់ក្រុមអេស្ប៉ាញ ដោយសាររបួស ប៉ុន្តែលោកបានត្រឡប់ទៅហ្វឹកហាត់វិញនៅថ្ងៃចន្ទ ជាពេលដែលលោកត្រូវបានគេលើកចេញពីទីលាន ដោយសារលាប់របួស។ នេះបើតាមសារព័ត៌មាន El Mundo Deportivo និង Diario AS បានចេញផ្សាយ។

ការលាប់របួសនេះមានន័យថា Moreno នឹងត្រូវអវត្តមានពីការប្រកួតយ៉ាងហោចណាស់ ៣ទៅ ៤សប្តាហ៍ ឬយ៉ាងច្រើនជាងនេះ ដែលធ្វើឲ្យលោកមានពេលវេលាតិចណាស់ ដើម្បីបង្ហាញកាយសម្បទារបស់លោកទៅកាន់គ្រូបង្វឹក Luis Enrique មុនពេលកាលបរិច្ឆេទចុងក្រោយ សម្រាប់ការជ្រើសរើសសមាជិកក្រុមនៅថ្ងៃទី១៣ ខែវិច្ឆិកា៕