(នីយ៉ុង)៖ ក្រុមការពារពានរង្វាន់ជើងឯក Olympique Lyonnais ប៉ះ Arsenal និង Juventus នៅក្នុងការប្រកួតសន្សំក្នុងពូល UEFA Champions League ផ្នែកនារី បន្ទាប់ពីការចាប់ឆ្នោតបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនាថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

Lyon ដែលធ្លាប់បានឈ្នះពានរង្វាន់លីគនេះចំនួន ៨លើកនោះ ក៏នឹងត្រូវប៉ះក្រុម FC Zürich នៅក្នុងការប្រកួតក្នុងពូលផងដែរ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែតុលា ហើយនឹងបញ្ចប់នៅថ្ងៃទី២២ ខែធ្នូខាងមុខ។

ដោយឡែក ក្រុមជើងឯករងកាលពីឆ្នាំមុន FC Barcelona បានចាប់ឆ្នោតប៉ះក្រុម Bayern Munich, Rosengard និងក្រុម Benfica។

ជាមួយគ្នានោះ ក្រុមអតីតម្ចាស់ពានរង្វាន់ជើងឯក ២រដូវកាល VfL Wolfsburg នឹងត្រូវប៉ះក្រុម Slavia Prague, St Polten និងក្រុម AS Roma។

Chelsea ដែលជាក្រុមម្ចាស់ពានរង្វាន់ជើងឯក Women's Super League រដូវកាលមុនរបស់អង់គ្លេស ត្រូវប៉ះក្រុមជើងឯករង ២រដូវកាល Paris St Germain, Real Madrid និងក្រុម Vllaznia ជាក្រុមដំបូងគេរបស់ប្រទេសអាល់បានី ដែលបានឡើងដល់ការប្រកួត ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Champions League ផ្នែកនារីនេះ៕