(ឡុងដ៍)៖ ក្លិបអង់គ្លេស Middlesbrough បានបណ្តេញអ្នកចាត់ការ Chris Wilder ចេញពីតំណែង ជាមួយនឹងក្លិបស្ថិតក្នុងចំណាត់ថ្នាក់ទី២២ ក្នុងតារាង Championship។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

Middlesbrough បានឈ្នះត្រឹមតែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួត ១១លើកក្នុងលីគរបស់ពួកគេនារដូវកាលនេះ ខណៈការដឹកនាំប្រកួតចុងក្រោយរបស់លោក Wilder គឺបានចាញ់ក្លិបបាតតារាង Coventry City ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅរ៍។

Wilder វ័យ ៥៥ឆ្នាំ បានដឹកនាំក្រុមត្រឹមតែ ១១ខែប៉ុណ្ណោះ បន្ទាប់ពីជំនួសតំណែងលោក Neil Warnock។

គ្រូបង្វឹកអ្នកចាំទី លោក Leo Percovich ត្រូវបានតែងតាំងទទួលបន្ទុកដឹកនាំក្លិបជាបណ្តោះអាសន្ន ជាមួយនឹងគ្រូបង្វឹក Craig Liddle, Lee Cattermole និង Mark Tinkler ទៀត។

ការប្រកួតដំបូងដែលជាការទទួលបន្ទុកដឹកនាំរបស់ពួកគេ គឺការធ្វើជាម្ចាស់ផ្ទះនៅថ្ងៃពុធ ត្រូវប៉ះនឹងក្រុម Birmingham City៕