(ភ្នំពេញ)៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំមួយក្នុងចំណោមគ្រឹះស្ថានឈានមុខនៅកម្ពុជា កាលពីពេលថ្មី​មកនេះ ត្រូវបានចាត់ថ្នាក់​ជាស្ថាប័នឆ្នើមលើផ្នែកគុណភាពទិន្នន័យប្រចាំឆ្នាំ២០២២ ពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) ដែលជាក្រុមហ៊ុនផ្តល់នូវ សេវាព័ត៌មានហិរញ្ញវត្ថុ ឧបក រណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានឱ្យដឹងថា វាជាកំណត់សម្គាល់ដោយឡែកបន្ថែមទៀត លើសមិទ្ធផល​ដែលសម្រេច​បាន​​ជាច្រើននាពេលកន្លងមក ហើយវាគឺជាតឹកតាងបញ្ជាក់បន្ថែមទៀតកាន់តែច្បាស់លាស់ថា ផែនការយុទ្ធសាស្ត្រ និងការអនុវត្តរបស់ អិលអូអិលស៊ី នាពេលកន្លង​មកគឺប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់សកម្មភាពអាជីវកម្ម និងឆ្លើយតបទៅនឹងសេចក្តីត្រូវរបស់អតិថិជន ក៏ដូចជារួមចំណែក​សម្រាប់​កំណើនសេដ្ឋកិច្ចនៅកម្ពុជាយើងទាំងមូល។

លោកបានបន្ថែមថា នៅអិលអូអិលស៊ី បាននឹងកំពុងធ្វើកិច្ចការងារជាច្រើន ដោយធ្វើយ៉ាងណាសម្រេចឱ្យបាននូវទស្សវិស័យ​របស់ស្ថាប័នទាំងមូល​ក្នុងការក្លាយ​ខ្លួនជាស្ថាប័នដែលផ្ដល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ អិលអូអិលស៊ី មានទ្រព្យសកម្មជាង ១.៤២៨ លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ១.២១០ លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំ សរុប ៧៣៦លានដុល្លារ អតិថិជនទាំងអស់ចំនួនជាង ៥០ម៉ឺននាក់នៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី ក៏បានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី SMART Campaign ហើយថ្មីៗនេះ នៅក្នុងដើមឆ្នាំ២០២២ អិលអូអិលស៊ី ក៏បានទទួលវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន កម្រិតមាសពីស្ថាប័នវាយតម្លៃអន្តរជាតិ Cerise និង SPTF។ វិញ្ញាបនបត្រកម្រិតមាស គឺជាសមិទ្ធផល​កម្រិត​ខ្ពស់បំផុត និងបង្ហាញថាគ្រឹះស្ថានដែលទទួលបានវិញ្ញាបនបត្រនេះ បំពេញគ្រប់លក្ខខណ្ឌស្តង់ដារកម្រិតខ្ពស់បំផុតនៃការការពារអតិថិជន ស្របតាមស្តង់ដារ​សាកលនៃការគ្រប់គ្រងសកម្មភាពសង្គមផងដែរ៕