(ម៉ៃអាមី)៖ ខ្សែប្រយុទ្ធចាស់វស្សា Gonzalo Higuain បានសម្រេចព្យួរស្បែកជើងទាត់បាល់របស់លោកហើយ នៅពេលបញ្ចប់រដូវកាលឆ្នាំ២០២២ នេះ បន្ទាប់ពីប្រកបអាជីពរត់លើវាលស្មៅអស់រយៈពេល ២៥ឆ្នាំមកនេះ។
កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ ៣៤ឆ្នាំខាងលើបានថ្លែងបែបក្នុងសន្និសីទរបស់ក្លិប Inter Miami លេងនៅលីគកំពូលអាមេរិក Major League Soccer ដែលរដូវកាលឆ្នាំនេះ ជាពេលចុងក្រោយរបស់លោកហើយ ក្នុងអាជីពបាល់ទាត់ដ៏លេចធ្លោមួយរូប។
នៅចាំបានថា Gonzalo Higuain បានក្លាយជាកីឡាករអាជីពនៃក្លិបក្នុងស្រុក River Plate មុនពេលផ្ទេរចេញមកលេងនៅអឺរ៉ុបដំបូងជាមួយ Real Madrid ក្នុងឆ្នាំ២០០៥ ជាមួយនឹងកំណត់ត្រារកបាន ៣៣៣គ្រាប់សរុប និងបញ្ជូនបាល់ ១១៣គ្រាប់ពីការចូលលេងបានចំនួនដល់ទៅ ៧០៧ប្រកួត ដោយឈ្នះពានលីគបាន ៣លើកផងដែរកាលនៅ Real Madrid និង Juventus។
Higuain បានលាឈប់ពីជម្រើសជាតិពពកសអាហ្សង់ទីន នៅឆ្នាំ២០១៨ ក្រោយពេលអាហ្សង់ទីនយកឈ្នះនីហ្សេរីយ៉ា ២-១ ក្នុង World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ ជាមួយស្ថិតិស៊ុតបាន ៣១គ្រាប់ ពីការចូលលេងបាន ៧៥ប្រកួតជាមួយជម្រើសជាតិ។
Higuain បាននិយាយលាបាល់ទាត់ទាំងទឹកភ្នែកថា «ថ្ងៃនេះបានមកដល់ហើយ ដែលខ្ញុំត្រូវនិយាយថា លាបាល់ទាត់។ វាជាអាជីពមួយដែលផ្តល់ឲ្យខ្ញុំយ៉ាងច្រើនលាយឡំទាំងរឿងល្អ និងរឿងអាក្រក់ផងដែរ។ ខ្ញុំសូមអរគុណដល់អ្នករាល់គ្នាដែលតែងតែបង្ហាត់បង្រៀនខ្ញុំ ដែលជាពេលដក់ជាប់ក្នុងចិត្តខ្ញុំមិនអាចបំភ្លេចបានឡើយ»។
ក្នុងការប្រកបអាជីពរយៈពេល ២៥ឆ្នាំមកនេះ Gonzalo Higuain សុទ្ធតែបានលេងឲ្យក្លិបធំនៅអឺរ៉ុបមានដូចជា Real Madrid, Napoli, Juventus, AC Milan និងតោខៀវ Chelsea៕