(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់ «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០២២ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022)» ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW (GBAF PUBLICATIONS LTD.) នៃចក្រភពអង់គ្លេស។

ពិធីទទួលពានរង្វាន់ដ៏អស្ចារ្យនេះ បានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅអាគារការិយាល័យកណ្តាល នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។

សូមជម្រាបថា នេះជាឆ្នាំដំបូង និងជាមោទនភាពដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់លំដាប់អន្តរជាតិ ដែលជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តផ្ដល់សេវាកម្មហិរញ្ញវត្ថុ និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ជាគ្រឹះស្ថានថ្មីទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា និងឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្ដោតលើគុណភាពប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន។

ទទឹមនេះដែរ គ្រឹះស្ថានបានដាក់នូវគោលនយោបាយដែលជាចក្ខុវិស័យ និងបេសកកម្មក្នុងការជំរុញឱ្យមានប្រសិទ្ធិភាព គុណភាព សេវាកម្មល្អ ដើម្បីធានាបានថាអតិថិជនពិតជាទទួលបាននូវការយកចិត្ដទុកដាក់ពីគ្រឹះស្ថាន។

លោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានបញ្ជាក់ថា៖ «ខ្ញុំមានសេចក្តីរីករាយក្រៃលែងដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.កបានទទួលពានរង្វាន់ "អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW" នៃចក្រភពអង់គ្លេស បន្ទាប់ពីគ្រឹះស្ថានបានបើកដំណើរការរយៈពេលជាងបីឆ្នាំមកនេះ។ គ្រឹះស្ថាននឹងបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុ និងច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុល្អៗរបស់យើង ជូនដល់អតិថិជន ជាពិសេសលើកទឹកចិត្តដល់អតិថិជន ក្នុងការបង្កើនទ្រព្យសម្បត្ដិ តាមរយៈការទទួលយកសេវាកម្មហិរញ្ញវត្ថុរយៈពេលវែងជាមួយគ្រឹះស្ថានយើងខ្ញុំ»

នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក រូបនេះ បន្តថា «យើងពិតជាមិនអាចទទួលបានពានរង្វាន់នេះទេ ប្រសិនបើមិនមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការអនុវត្តនូវគុណតម្លៃ ដើម្បីអាចរក្សាបាននូវវប្បធម៌ដ៏ល្អរបស់គ្រឹះស្ថាន»

ឱកាសនោះ លោក ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានឲ្យដឹងដែរថា «នេះពិតជាកិត្តិយសខ្លាំងណាស់ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់ " អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW " នៃចក្រភពអង់គ្លេស។ សមិទ្ធផលទំាងនេះ បានកើតឡើងក៏ដោយសារ មានការរួមចំណែកយ៉ាងធំធេងពីអតិថិជន សហភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ រួមទាំងការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធនានាផងដែរ»

លោក ឧកញ៉ា បន្ថែមថា «យើងនឹងបន្តបេសកកម្មក្នុងការអភិវឌ្ឍវិស័យសេវាកម្មហិរញ្ញវត្ថុរបស់យើង ឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីបំពេញតម្រូវការអតិថិជននាពេលអនាគត»

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក: https://www.gbmfi.com.kh/
GLOBAL BANKING & FINANCE REVIEW: https://www.globalbankingandfinance.com/