(ភ្នំពេញ)៖ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានប្រកាស់ផ្តល់ឱកាសការងារច្រើនមុខតំណែងចាប់ពីគ្រូបង្រៀន រហូតដល់បុគ្គលិកប្រតិបត្តិការ តាមរយៈកម្មវិធីអ្នកអប់រំវ័យក្មេង ក្នុងទិសដៅពង្រីកបេសកម្មអប់រំរបស់ខ្លួនគ្រប់បណ្តាខេត្ត-ក្រុង ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សជាមួយរាជរដ្ឋាភិបាលតាមរយៈវិស័យអប់រំ។

តាមរយៈសារបង្ហោះលើបណ្តាញសង្គមរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបរាប់ថា «មានគម្រោងការងារអប់រំ និងបណ្តុះបណ្តាលកាន់តែច្រើន ក៏ត្រូវការក្រុមការងារជាច្រើនបន្ថែម។ ពេលនេះត្រូវការជ្រើសរើសយុវជនដែលស្រលាញ់ការងារអប់រំជាច្រើននាក់មកចូលរួមកម្មវិធីបណ្តុះបណ្តាលដោយឥតគិតថ្លៃ (ទាំងគ្រូបង្រៀន បុគ្គលិករដ្ឋបាល ការិយាល័យជួរមុខ ផ្នែកទីផ្សារ អភិវឌ្ឍអាជីវកម្ម និងបុគ្គលិកប្រតិបត្តិការទូទៅ...) ផ្តល់កន្លែងស្នាក់នៅ ផ្តល់ថវិកាហោប៉ៅចាយវាយខ្លះ និងផ្តល់ការងារក្រោយបញ្ចប់ការបណ្តុះបណ្តាលរយៈពេល (៤-៦ ខែ)។ ចាប់អារម្មណ៍ទេប្អូនៗ ក្មួយៗ? អ្នកដែលមានសញ្ញាបត្របាក់ឌុបឡើង ចូលបានទាំងអស់»

កម្មវិធីអ្នកអប់រំវ័យក្មេង (WEG Young Educator Program) គឺជាកម្មវិធីមួយដែលផ្តល់ការបណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀនកម្រិតមតេ្តយ្យនិងគ្រូបង្រៀនភាសាបរទេស ជំនាញគ្រប់គ្រងរដ្ឋបាល ផ្នែកទីផ្សារ អភិវឌ្ឍអាជីវកម្ម គ្រប់គ្រងធនធានមនុស្ស និងគ្រប់គ្រងសាលារៀន ព្រមទាំងជំនាញដទៃទៀតដល់យុវជនដែលស្រឡាញ់ការងារអប់រំដោយឥតគិតថ្លៃ រួមជាមួយប្រយោជន៍ផ្សេងទៀត។

សម្រាប់លោកអ្នកដែលចាប់អារម្មណ៍កម្មវិធីនេះ អាចដាក់ពាក្យតាមរយៈតំណរភ្ជាប់តាមប្រពន្ធTelegram: https://t.me/+Ks6tiItML7AzZjE9 ឬ Email: [email protected] ទូរសព្ទលេខ 011 888 231 | 092 888 192 ។

សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ផ្តល់សេវាកម្មអប់រំចំណេះទូទៅខ្មែរថ្នាក់ទី១ ដល់ទី១២ កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ កម្មវិធីភាសាចិន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ វេសឡាញ មានសាលារៀនស្តង់ដារជាតិ៖ សាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍២១ ៣សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា និងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា ព្រមទាំងសិស្សជាង ១៣ ០០០នាក់ និងបុគ្គលិក ១ ២០០នាក់៕