(ភ្នំពេញ)៖ ក្រោយដំណើរការយ៉ាងរលូនរយៈពេល ២ថ្ងៃ មហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។ មានល្ខោនបាសាក់ ១០ក្រុម បានដាក់ពាក្យប្រកួតប្រជែង និងមាន ៥ក្រុម ត្រូវបានជ្រើសរើសឲ្យប្រកួតផ្តាច់ព្រ័ត្រ។

រង្វាន់ជ័យលាភី សម្រាប់ ៥ក្រុមចុងក្រោយនេះ រួមមាន៖

* ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់១០លានរៀលនិងថវិកាសប្បុរជនបន្ថែមចំនួន ៣លានរៀល បានទៅលើក្រុមឈ្មោះ ក្រុមរស្មីវប្បធម៌ខេត្តកែប មកពីខេត្តកែប
* ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ ៧លានរៀល និងថវិកាសប្បុរជនបន្ថែមចំនួន២លានរៀល បានទៅលើក្រុមឈ្មោះ នាយប៉េងប៉ោះ មកពីខេត្តកំពង់ចាម
* ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ចំនួន៤លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល បានទៅលើក្រុមឈ្មោះ អុល សំអាង វង់ទី១ មកពីរាជធានីភ្នំពេញ
* ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ក្នុង១ក្រុមទឹកប្រាក់ចំនួន៣លានរៀល និងថវិកាសប្បុរជនចំនួន១លានរៀល។

ក្នុងឱកាសនោះ លោកស្រី ម៉ិញ កុសនី បានសម្តែងនូវការអបអរសាទរដ៏ស្មោះចំពោះ សិល្បករ សិល្បការិនី ល្ខោនបាសាក់ ទាំងអស់ ដែលទទួលបានជ័យលាភីនៅក្នុងមហោស្រពល្ខោនបាសាក់ទូទាំង ប្រទេសឆ្នាំ២០២២ នាថ្ងៃនេះ។ ជាពិសេស លោកស្រីបានលើកទឹកចិត្តដល់លោក លោកស្រី ជាសិល្បករ សិល្បការិនី ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀតដើម្បីរួមចំណែកលើកស្ទួយ វិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចំរើន ប្រកបដោយ និរន្តរភាព។

លោកស្រីរដ្ឋលេខាធិការក្រសួងវប្បធម៌ បានបន្តថា «ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា មហោស្រពល្ខោនបាសាក់មិនគ្រាន់តែជាវេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះ គោលដៅសំខាន់នៃការរៀបចំ មហោស្រពល្ខោនបាសាក់ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំតម្លើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យសិល្បៈទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាក អន្តរជាតិ»។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកថាការរៀបចំមហោស្រពល្ខោនបាសាក់ ឆ្នាំ២០២២នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកលើកស្ទួយសិល្បៈ ទស្សនីយភាពខ្មែរ ពិសេសល្ខោនបាសាក់ ឱ្យមានសកម្មភាពរស់រវើកឡើងវិញតាមរយៈ ការផ្សព្វផ្សាយ តាមបណ្តាញសង្គម សាលារៀន អង្គការ សមាគមនានា ធ្វើយ៉ាងណាឱ្យមហាជនគ្រប់ស្រទាប់ ពិសេសយុវជន បានស្គាល់ និងយល់ដឹងពីសិល្បៈវប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ។

លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានឲ្យដឹងថា មហោស្រពនេះបានរៀបចំឡើងមាន ២វគ្គ ក្នុងនោះ៖

* វគ្គទី១៖ តម្រូវឱ្យក្រុមល្ខោនបាសាក់ផ្ញើវីដេអូសម្តែងដើម្បីចូលរួមប្រកួតតាមរយៈអនឡាញ។ ក្នុងនោះក្រុមសិល្បករល្ខោនបាសាក់ចំនួន ១០ក្រុមបានដាក់ពាក្យដើម្បីចូលរួមប្រកួត មានដូចជា៖ រាជធានីភ្នំពេញ ១ក្រុម, ខេត្តកណ្តាល ៣ក្រុម, ខេត្តកំពង់ស្ពឺ ១ក្រុម, ខេត្តកំពង់ឆ្នាំង ១ក្រុម, ខេត្តកំពង់ចាម ១ក្រុម, ខេត្តបន្ទាយមានជ័យ ១ក្រុម, ខេត្តត្បូងឃ្មុំ ១ក្រុម និងខេត្តកែប ១ក្រុម។ វគ្គនេះ គឺជាវគ្គជម្រុះយក ៥ក្រុមដើម្បីឈានទៅវគ្គទី២ ដែលជាវគ្គផ្តាច់ព្រ័ត្រ។

* វគ្គផ្តាច់ព្រ័ត្រ៖ បន្ទាប់ពីបានធ្វើការវាយតម្លៃដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការមេប្រយោគនៅក្នុងវគ្គទី១រួចមក ក្រុមសិល្បករល្ខោនបាសាក់ចំនួន ០៥ក្រុម ត្រូវបានជ្រើសរើសមកប្រឡងផ្ទាល់នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ក្នុងនោះ៖ រាជធានីភ្នំពេញ ១ក្រុម, ខេត្តកណ្តាល ១ក្រុម, ខេត្តកំពង់ចាម ១ក្រុម, ខេត្តកែប ១ក្រុម និងខេត្តបន្ទាយមានជ័យ ១ក្រុម៕