(ឡុងដ៍)៖ ការស្ងប់ស្ងាត់មួយភ្លេត នឹងត្រូវធ្វើឡើងនៅគ្រប់ការប្រកួតបាល់ទាត់ទាំងអស់នៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីសម្តែងការចងចាំជនរងគ្រោះ នៃគ្រោះមហន្តរាយ នៅកីឡដ្ឋានរបស់ឥណ្ឌូនេស៊ី ដែលបានសម្លាប់មនុស្សជាង ១០០នាក់។ នេះបើតាមការអះអាងពីស្ថាប័ន UEFA ដែលគ្រប់គ្រងបាល់ទាត់អឺរ៉ុប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

អ្នកគាំទ្ររាប់រយនាក់បានប៉ះទង្គិចគ្នា ខណៈពួកគេបានព្យាយាមភៀសខ្លួនចេញពីកីឡដ្ឋាន Kanjuruhan ដែលផ្ទុកអ្នកទស្សនាលើសចំណុះនៅទីក្រុង Malang ខេត្ត East Java កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកអ្នកគាំទ្រក្រុមម្ចាស់ផ្ទះដែលចាញ់ គឺក្រុម Arema FC ដែលបានរត់ចូលទៅកាន់ទីលាន។

ហេតុការណ៍នេះ គឺជាគ្រោះមហន្តរាយមួយ ក្នុងចំណោមគ្រោះមហន្តរាយនៅកីឡដ្ឋានដ៏អាក្រក់បំផុតនៅលើពិភពលោក ដោយប៉ូលិសបានលើកឡើងថា មានមនុស្ស ១២៥នាក់បានស្លាប់ ខណៈមន្ទីរសុខាភិបាលក្រុង Malang បានបញ្ជាក់ថា អ្នកស្លាប់មានចំនួន ១៣១នាក់។

សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ីបានលើកឡើងថា មន្ត្រីសន្តិសុខរបស់ក្លិប និងថ្នាក់ដឹកនាំគណៈកម្មាធិការរៀបចំការប្រកួតរបស់ក្លិប នឹងត្រូវហាមឃាត់ពីវិស័យកីឡា អស់មួយជីវិត ស្របពេលដែលមន្ត្រីប៉ូលិសជាច្រើនរូប ត្រូវបានដាក់ស្ថិតក្រោមការស៊ើបអង្កេត ដោយយ៉ាងហោចណាស់៩នាក់ ត្រូវបានផ្អាកពីការងារ៕