(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត ត្រូវបានជ្រើសរើសនៅថ្ងៃអង្គារ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា Asian Winter Games ឆ្នាំ២០២៩ នៅឯទីក្រុងធំសម្បើមនាពេលអនាគត ដែលមានតម្លៃ ៥០០ពាន់លានដុល្លារអាមេរិក នៅវាលខ្សាច់ដែលអ្នករៀបចំគម្រោងបានលើកឡើងថា ទីក្រុងមួយនេះ នឹងមានទីលានកីឡារដូវរងាពេញ ១ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

«ទីវាលខ្សាច់ និងភ្នំ របស់អារ៉ាប៊ីសាអូឌីត នៅពេលឆាប់ៗខាងមុខនឹងក្លាយជាទីកម្សាន្តសម្រាប់កីឡារដូវរងារ» នេះបើតាមក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការសម្រេចដែលធ្វើឡើងនៅអំឡុងពេលមហាសន្និបាតរបស់ខ្លួននៅទីក្រុងភ្នំពេញ។

ការដេញថ្លៃរបស់អារ៉ាប៊ីសាអូឌីត «ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ» នេះបើតាមសេចក្តីថ្លែងការណ៍។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា ទីក្រុងធំសម្បើម ដែលត្រូវបានគេស្គាល់ឈ្មោះថា NEOM នោះ នឹងក្លាយជាទីក្រុងអាស៊ីខាងលិចដំបូងគេបង្អស់ ដែលនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយនេះ។

កាលពីខែកក្កដា ព្រះអង្គម្ចាស់ Mohammed bin Salman បានបង្ហាញគម្រោងសម្រាប់ការសាងសង់ NEOM ដែលគេស្គាល់ថាទីក្រុងខ្សែបន្ទាត់ (The Line) ជាទីក្រុងអគារកញ្ចក់ខ្ពស់កប់ពពក លាតសន្ធឹងជាង ១៧០គីឡូម៉ែត្រ ជាតំបន់ភ្នំ និងវាលខ្សាច់។

Asian Winter Games គ្រោងនឹងធ្វើឡើងនៅតំបន់ Trojena នៃទីក្រុង NEOM ខណៈទីក្រុងនេះ គ្រោងនឹងបញ្ចប់ការសងសង់នៅឆ្នាំ២០២៦៕