(បរទេស)៖ ភាពតានតឹងវិស័យបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិនតែបន្តកើនឡើងឥតឈប់ចំពេល ពេលនេះក្រុមហ៊ុន Google របស់អាមេរិកមួយទៀតកំពុងបិទសេវាកម្ម Google Translate របស់ខ្លួននៅក្នុងប្រទេសចិនដីគោក ដែលជាសេវាកម្មចុងក្រោយបង្អស់ដែលគេផ្តល់ដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

គេហទំព័រ Google Translate របស់ចិនដីគោកឥឡូវនេះត្រូវបាន Google បង្វែរទិសដៅអ្នកប្រើប្រាស់ទៅកំណែហុងកុងជំនួសវិញ ខណៈអ្នកប្រើប្រាស់ដែលស្ថិតនៅលើទឹកដីចិនដីគោកនឹងលែងអាចចូលប្រើបានទៀតហើយ។ ដោយឡែកក្នុងនោះ Google បានប្រាប់ពីមូលហេតុថា ដោយសារតែការប្រើប្រាស់ធ្លាក់ចុះពេកទើបសម្រេចផ្លាស់ប្តូរបែបនេះ។

អ្នកនាំពាក្យក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទថា «យើងបានបិទកម្មវិធី Google Translate នៅក្នុងប្រទេសចិនដីគោក ដោយសារតែការប្រើប្រាស់ធ្លាក់ចុះ» ហើយលើសពីនេះទៅទៀតកម្មវិធីនៅលើទូរស័ព្ទចល័តក៏ត្រូវបានបិទកាលពីឆ្នាំមុនផងដែរ។ ទាក់ទិននឹងបញ្ហានេះត្រូវបានគេឱ្យដឹងថា Google មានភាពរកាំរកូសជាមួយរដ្ឋាភិបាលចិន ដោយបានដកម៉ាស៊ីនស្វែងរករបស់ខ្លួនចេញពីប្រទេសនេះកាលពីឆ្នាំ ២០១០ កន្លងទៅ ដែលជាហេតុប្រឈមមុខនឹងត្រួតពិនិត្យដ៏តឹងរឹងរបស់រដ្ឋាភិបាល ប៉ុន្តែក្រោយមកក៏ត្រូវបានប្រទេសចិនបិទសេវាកម្ម Google វិញដែលរួមមាន Gmail និង Google Maps ជាដើមនោះ។

តែយ៉ាងណាបន្ទាប់ពីបិទកម្មវិធីអស់រយៈពេលជាច្រើនឆ្នាំមក នៅឆ្នាំ ២០១៨ Google បានស្វែងរកវិធីសាស្រ្តដើម្បីវិលត្រឡប់ទៅកាន់ប្រទេសចិនវិញជាមួយនឹងការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្វែងរករបស់ខ្លួន ប៉ុន្តែនៅទីបំផុតគម្រោងនោះក៏ត្រូវបានលុបចោលជាថ្មីម្តងទៀតបន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីបុគ្គលិក និងអ្នកនយោបាយរបស់ចិន។

គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះអាជីវកម្មអាមេរិកបានជាប់នៅកណ្តាលនៃភាពតានតឹងដែលកំពុងបន្តនៅក្នុងវិស័យបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិន ជុំវិញការព្រួយបារម្មរបស់ទីក្រុងវ៉ាស៊ីនតោនទៅលើលទ្ធភាពទទួលបានសក្តានុពលរបស់ប្រទេសចិនចំពោះបច្ចេកវិទ្យារសើបនៅក្នុងវិស័យដូចជា បញ្ញាសិប្បនិមិត្ត (AI) និងឧបករណ៍អេឡិចត្រូនិក។ ហើយកាលពីខែសីហា កន្លងទៅ ក្រុមហ៊ុន Nvidia បានអះអាងថា រដ្ឋាភិបាលអាមេរិកបានបញ្ជាឱ្យខ្លួនបញ្ឈប់ការដាក់លក់កំពូលបន្ទះឈីប AI ចំនួន ២ទៅឱ្យប្រទេសចិនផងដែរ៕