​​(ភ្នំពេញ)៖ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) និង ក្រុមហ៊ុនវីត្រាស់ អាព្រេហ្សល ខូអិលធីឌី (VTrust) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីវាយតម្លៃអចលនទ្រព្យឌីជីថល (Indication Plus Platform) ដែលជាសេវាកម្មវាយតម្លៃអចលនទ្រព្យ តាមប្រព័ន្ធឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា សម្រាប់ស្ថាប័នហិរញ្ញវត្ថុទូទាំងប្រទេស ​ដែលបង្កឱ្យមានភាពងាយស្រួល តម្លៃសមរម្យ និងមានប្រសិទ្ធភាពក្នុងការវាយតម្លៃអចលនទ្រព្យ សម្រាប់ការវាយតម្លៃឥណទានដោយប្រើបច្ចេកវិទ្យាឌីជីថល និងការវិភាគចុងក្រោយបំផុត។

ផលិតផលនេះត្រូវបានដាក់ឱ្យដំណើរការ ក្នុងវេទិកាពិភាក្សា ក្នុងពិធីអបអរសាទរខួប ១០ឆ្នាំរបស់ ស៊ីប៊ីស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់តំណាងជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ក្រសួងពាក់ព័ន្ធនានា ក្រុមហ៊ុន ស៊ីប៊ីស៊ី ក្រុមហ៊ុន VTrust ព្រមទាំងធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា។

​ផលិតផល Indication Plus បានក្លាយជា «ទីកន្លែងតែមួយ (One Stop Shop)» ដែលជាវេទិកាបច្ចេកវិទ្យារួមបញ្ចូលគ្នា ដោយបន្ថែមគុណតម្លៃដ៏ធំ ដល់ការវាយតម្លៃវត្ថុបញ្ចាំអចលនទ្រព្យ។

លោក វង្ស សុខាល ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនវីត្រាស់ អាព្រេហ្សល ខូអិលធីឌី បានមានប្រសាសន៍ថា​​ ការចុះកិច្ចព្រមព្រៀង​ជាមួយ ស៊ីប៊ីស៊ី នឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការផ្លាស់ប្តូរតម្លៃអចលនទ្រព្យ តាមប្រព័ន្ធឌីជីថល សម្រាប់វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែទូលំទូលាយ សម្រាប់ប្រជាជនកម្ពុជា។ លោកបានបន្តថា វិធានការនេះនឹងជួយកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀតផងដែរ។​

លោកបានសង្កត់ធ្ងន់ថា៖ «ដោយសារតែប្រទេសកម្ពុជាកំពុងដំណើរការនូវបច្ចេកវិទ្យាឌីជីថលក្នុងល្បឿនយ៉ាងលឿន យើងបានរួមបញ្ចូលគ្នានូវបទពិសោធន៍ជិតពីរទសវត្សរ៍របស់យើង ក្នុងការវាយតម្លៃអចលនទ្រព្យ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកកម្ចីកម្ពុជា ក៏ដូចជាអ្នកផ្ដល់កម្ចី តាមរយៈការវាយតម្លៃអចលនទ្រព្យដែលងាយស្រួល និងមានតម្លៃសមរម្យ។»

 លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានលើកឡើងថា៖ ​ស៊ីប៊ីស៊ី ប្ដេជ្ញាចិត្តក្នុងការប្រើប្រព័ន្ធឌីជីថល និងការវិភាគទិន្នន័យ ដើម្បីសម្រួលដល់ការសម្រេចចិត្តបានរហ័ស និងគ្មានការរង្កៀសចិត្ដ ដល់សមាជិករបស់យើង ក្នុងការសម្រេចចិត្ត និងវាយតម្លៃហានិភ័យឥណទានបានយ៉ាងឆាប់។ ការវាយតម្លៃអចលនទ្រព្យឌីជីថល តាមរយៈការសហការរបស់យើងជាមួយ VTrust នឹងក្លាយជាកត្ដាដ៏សំខាន់បន្ថែមមួយ ចំពោះផលប័ត្ររបស់យើងនៃដំណោះស្រាយដ៏មានគុណតម្លៃបន្ថែម ដើម្បីឱ្យសមាជិករបស់យើង អាចវាយតម្លៃហានិភ័យឥណទានបានយ៉ាងឆាប់រហ័ស ដោយប្រើប្រវត្តិឥណទាន និងការវាយតម្លៃអចលនទ្រព្យ ដើម្បីធ្វើការសម្រេចចិត្តលើប្រាក់កម្ចីយ៉ាងងាយស្រួល និងឆាប់រហ័ស​​។

យោងតាមក្រុមអ្នកដែលស្ថិតនៅក្នុងឧស្សាហកម្មនេះផ្ទាល់ ការវាយតម្លៃវត្ថុបញ្ចាំអចលនទ្រព្យបានដើរតួយ៉ាងសំខាន់ ក្នុងការវាយតម្លៃហានិភ័យឥណទានសម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក៏ដូចជាអ្នកកម្ចីនៅក្នុងប្រទេសកម្ពុជាផងដែរ។

បើតាមរបាយការណ៍របស់ ស៊ីប៊ីស៊ី បង្ហាញថា កម្ចីទិញផ្ទះមានច្រើនជាង ៥០% នៃផលប័ត្រសមតុល្យឥណទានអ្នកប្រើប្រាស់ទូទៅ។ លើសពីនេះ ច្រើនជាង ៥០% នៃប្រាក់កម្ចីរបស់ឧស្សាហកម្មហិរញ្ញវត្ថុ គឺជាប្រាក់កម្ចីធានា ហើយភាគច្រើនត្រូវបានគាំទ្រដោយវត្ថុបញ្ចាំដែលមានមូលដ្ឋានលើដីធ្លី។ ជាមួយនឹងការរីកចម្រើនយ៉ាងរហ័សនៃអចលនទ្រព្យ ក៏ដូចជាទីផ្សារឥណទាននៅក្នុងប្រទេស ការវាយតម្លៃអចលនទ្រព្យ ឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

ដំណោះស្រាយវាយតម្លៃអចលនទ្រព្យឌីជីថល ពឹងផ្អែកលើទិន្នន័យអចលនទ្រព្យយ៉ាងទូលំទូលាយដែលបានចងក្រង ជាប្រវត្តិ តាមរយៈប្រតិបត្តិការជាច្រើនឆ្នាំរបស់ VTrust ដែលដំណើរការដោយការធ្វើគំរូវិភាគទិន្នន័យចុងក្រោយបំផុត ដើម្បីប្រើប្រាស់សេវាកម្មនេះ អ្នកផ្ដល់កម្ចីគ្រាន់តែត្រូវចូលប្រើប្រព័ន្ធឌីជីថល ហើយបញ្ជូនព័ត៌មានលម្អិត អំពីអចលនទ្រព្យដូចជា ទីតាំង តំបន់ វិមាត្រ និងរូបភាព។ ប្រព័ន្ធនេះនឹងវាយតម្លៃជាឌីជីថលនូវព័ត៌មានបញ្ចូល និងបង្កើតតម្លៃចង្អុលបង្ហាញនៃអចលនទ្រព្យដែលអាចត្រូវបានប្រើសម្រាប់ការវាយតម្លៃជាវត្ថុបញ្ចាំ។

ដោយសារវិធីសាស្ត្រវាយតម្លៃនេះមិនតម្រូវឱ្យមានការចុះទៅមើលដោយផ្ទាល់ ហើយដំណើរការទាំងមូលអាចត្រូវបានបញ្ចប់ ជាលក្ខណៈឌីជីថល នោះវាកាន់តែមានតម្លៃសមរម្យ និងងាយស្រួលសម្រាប់អ្នកផ្ដល់កម្ចី។ សេវាកម្មនេះនឹងមានជា ដំណោះស្រាយដ៏មានគុណតម្លៃបន្ថែមរបស់ ស៊ីប៊ីស៊ី ដល់ស្ថាប័នហិរញ្ញវត្ថុជាសមាជិករបស់ខ្លួន។ ដោយសារវា ជាដំណោះស្រាយបន្ថែមគុណតម្លៃ សេវានេះនឹងត្រូវបានផ្តល់ជូន តាមតែតម្រូវការពីសមាជិករបស់ខ្លួនប៉ុណ្ណោះ​៕