(បរទេស)៖ បន្ទាប់ពីជម្លោះផ្លូវច្បាប់ជាច្រើនខែរវាងកំពូលមហាសេដ្ឋីលោក Elon Musk និង Twitters ក្នុងការទិញយកបណ្តាញសង្គមផ្សព្វផ្សាយនោះ ពេលនេះត្រឡប់មកដូចដើមវិញហើយ ដោយលោក Elon Musk បានយល់ព្រមទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារដដែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

ទាក់ទិននឹងករណីនេះ ប្រភពពី Yahoo ដដែលបានឱ្យដឹងថា Musk បានដាក់លខិតសម្ងាត់មួយនៅតុលាការក្រុង Dareware Chancery នៅថ្ងៃអង្គារម្សិលមិញនេះ ដើម្បីស្វែងរកការបន្តកិច្ចព្រមព្រៀងលើលក្ខណ្ឌដើមរបស់ខ្លួន។ តែយ៉ាងណានៅក្នុងលិខិតនោះត្រូវបានគេឱ្យដឹងថា លោក Musk បានដាក់លក្ខណ្ឌលើកិច្ចព្រមព្រៀងដើមមួយចំនួនគឺ ដរាបណាលោកទទួលបានកិច្ចព្រមព្រៀងដែលលោកសុំពីដំបូង ហើយលោកក៏បានសុំឱ្យតុលាការពន្យាពេលរឿងក្តីរបស់លោកមួយចំនួនដែល Twitter បានប្តឹងផ្តល់លោកកន្លងមកផងដែរ។

ខណៈការលើកឡើងនេះនៅមិនទាន់មានការទទួលស្គាល់ការទទួលខុសត្រូវណាមួយពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla នោះឡើយ។ ដោយឡែកគ្រាន់តែចេញព័ត៌មានថាលោក Musk យល់ព្រមឆ្ពោះទៅមុខជាមួយកិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនោះ ភាគហ៊ុនរបស់ Twitter កើនឡើងខ្ទង់ ២២ភាគរយ។

គួរបញ្ជាក់ផងដែរថា លោក Elon Musk បានស្នើសុំទិញបណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក ហើយ Twitter ក៏យល់ព្រមលក់ ប៉ុន្តែក្រោយមកមហាសេដ្ឋីលំដាប់ទី១រូបនេះ បានស្នើឱ្យ Twitter បង្ហាញភស្ដុតាងអំពីគណនីក្លែងក្លាយ ដែលមានតិចជាង ៥ភាគរយ ប៉ុន្តែ Twitter មិនបានបង្ហាញតាមការស្នើសុំនោះទេ ទើបធ្វើឱ្យ Elon Musk សម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងមួយនេះ ហើយ Twitter ក៏សម្រេចចិត្តប្ដឹងលោក Elon Musk តែម្ដង៕