(បរទេស)៖ បច្ចុប្បន្ននេះបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន នៅមិនបញ្ចប់នោះឡើយ ខណៈប្រជាជនអ៊ុយក្រែនមានការឈឺចាប់យ៉ាងខ្លាំង ព្រោះហេតុការណ៍ដែលកើតឡើង ក្នុងប្រទេសរបស់ខ្លួន បង្កឡើងដោយរុស្ស៉ី។ ទន្ទឹមនឹងគ្នានោះ អ្វីដែលជាប្រធានបទក្តៅ និងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍បំផុតនោះ​ គឺក្នុងកម្មវិធី «Miss Grand International» ២០២២ ស្រាប់តែអ្នករៀបចំកម្មវិធី បានដាក់ឲ្យ Miss Grand អ៊ុយក្រែន និង Miss Grand រុស្សី ស្នាក់នៅបន្ទប់រួមជាមួយគ្នា ខណៈដែលប្រទេសទាំងពីរ កំពុងតែមានជម្លោះនឹងគ្នា។

បើតាមការបង្ហោះសារ Instagram របស់បវរកញ្ញាតំណាងអ៊ុយក្រែន នាង Olga Vasyliv ជាភាសាអង់គ្លេសនោះ គឺបានបង្ហាញថា នាងហាក់មិនពេញចិត្តនោះទេ ដែលបានបន្ទប់ស្នាក់នៅរួម ជាមួយបវរកញ្ញាមកពីប្រទេសរុស្សី ដែលនាងចាត់ទុកថា ជាប្រទេសភេរវករ និងប្រទេសគ្មានច្បាប់នោះ។ បវរកញ្ញាតំណាងអ៊ុយក្រែន បានសរសេរសារថា នាងបានធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីចូលរួមប្រកួត «Miss Grand International» ២០២២ ជាមួយនឹងគោលដៅ និងបេសកកម្មចម្បង ដើម្បីប្រាប់ពិភពលោកអំពីប្រទេសរបស់នាង មិនថាប្រឈមនឹងវិញ្ញាណបែបណាឡើយ ជាពិសេសបង្ហាញពីភាពស្រស់ស្អាត ភាពមាំមួន ឬជាអ្វីដែលប្រជាជនអ៊ុយក្រែន កំពុងរងទុក្ខនៅពេលនេះ។

តែយ៉ាងណាមិញ នាងស្រាប់តែទទួលបានសំបុត្រមួយ ដែលធ្វើឲ្យនាងខឹង និងឈឺចាប់ជាខ្លាំង នោះគឺមិត្តរួមបន្ទប់របស់នាងគឺជា គូប្រជែងមកពីប្រទេសដែលនាងចាត់ទុកថា ភេរវករ ជាប្រទេសដែលបាត់បង់ច្បាប់ និងបទប្បញ្ញត្តិទាំងអស់។ លើសពីនេះ នាងបាន Tag ឈ្មោះ របស់លោក Nawat Isarakraisin ដែលជាអ្នករៀបចំកម្មវិធី Miss Grand International ដោយសរសេរសារថា «ជឿ ខ្ញុំទៅ ខ្ញុំនឹងនៅដើម្បីសន្តិភាព ស្នេហា មិត្តភាព និងការគាំទ្រ ប៉ុន្តែមិនមែនសម្រាប់អ្នក ដែលខ្ញុំមិនអាចអត់ទោសឲ្យនោះទេ មិនមែនសម្រាប់អ្នកដែលធ្វើទារុណកម្មបងប្អូនរបស់ខ្ញុំ ហើយក៏មិនមែនសម្រាប់អ្នក ដែលបានយកជីវិតរបស់ជនជាតិអ៊ុយក្រែនជាច្រើននោះដែរ។ ខ្ញុំ គឺមានសារៈសំខាន់, គំនិតខ្ញុំសំខាន់ អារម្មណ៍របស់ខ្ញុំក៏សំខាន់ ហើយអ៊ុយក្រែនរបស់ខ្ញុំ គឺសំខាន់ដូចគ្នា»

គួរជម្រាបថា កម្មវិធីប្រកួតបវរកញ្ញាប្រចាំឆ្នាំ ដែលមានឈ្មោះថា «Miss Grand International» សម្រាប់ឆ្នាំ២០២២នេះ បានចាប់ផ្តើមជាបណ្តើរៗហើយ ដោយមិនទាន់ដល់វគ្គផ្តាច់ព្រ័ត្រនោះទេ ខណៈឆ្នាំនេះ ប្រទេសឥណ្ឌូនេស៉ី ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រឡងកម្មវិធីនេះ៕