(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា កៃ វ៉ាន់ស៊ីដែន បានឈ្នះមេដាយមាស ១គ្រឿង នៅក្នុងការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក Jet Ski World Series Season 2022 ជុំទី២ លើវិញ្ញាសា Novice ski stock កាលពីយប់មិញនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។

ប្រធានក្រុមម៉ូតូទឹកជម្រើសជាតិកម្ពុជា កីឡាករ សាលី អ៊ូមើត បានឲ្យដឹងថា ការប្រកួតកម្រិតពិភពលោក នៅអាមេរិកនេះ គឺមានកីឡាករកម្ពុជា ៥រូបចូលរួម រួមមានកីឡាករ សាលី ហ្វីលីន, មីន មូស្ដាន់, មីន អូស្មាន់, កៃ វ៉ាន់ស៊ីដែន និងខ្លួនឯង ដើម្បីធ្វើការប្រកួតប្រជែងជុំទី២ ដែលមានកីឡាករខ្លាំងៗជុំវិពីភពលោកចូលរួម។

ជាលទ្ធផលនៃការប្រកួត កីឡាករវ័យក្មេង កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស ១គ្រឿងមុនគេជូនជាតិ ពីព្រឹត្តិការណ៍នេះ។ រីឯកីឡាករដទៃទៀតនឹងធ្វើការប្រកួតជាបន្ដបន្ទាប់ លើវិញ្ញាសាផ្សេងៗ ដើម្បីស្វែងរកមេដាយ ឧត្តមភាព និងកិត្តិយសជូនជាតិ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ពិសេសដើម្បីពង្រឹងសមត្ថភាពត្រៀមឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង។

គួរដឹងថា បេសកកម្មរបស់ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជាខាងលើនេះ គឺទទួលបានការឧបត្ថម្ភ និងដឹកនាំដោយលោក Karl Heinrich Knauf អនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានក្លិប Flamingo Jet Ski Team នៅប្រទេសថៃ៕