(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា (SOC) នៅដើមសប្ដាហ៍នេះ បានរៀបចំការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ឆ្នាំ២០២២ និងកម្មវិធីអប់រំសុខភាពអាណាព្យបាល ក្រោមវត្តមានលោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន SOC នៅទីលាន T Soccer ដោយមានអាណាព្យាបាល និងកីឡាករ-កីឡាការិនីចូលរួមសរុបជាង ២០០នាក់។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ SOC បានឲ្យដឹងថា ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី មកពីគ្រប់រាជធានី-ខេត្ត បានជួបជុំគ្នា លេងកីឡា ដើម្បីចែករំលែកបទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនី បញ្ញាខ្សោយ ពិសេសក៏មានលោកវេជ្ជបណ្ឌិត ចូលរួមធ្វើការណែនាំ អប់រំពីរបៀបតំហែទាំសុខភាព ក្នុងការរស់នៅប្រចាំថ្ងៃរបស់អាណាព្យាបាល និងកីឡាករ-កីឡាការិនីខ្សោយបញ្ញាទាំងអស់ផងដែរ។

លោកបានបន្ដថា «ការប្រកួតមិនមែនដើម្បីជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក និងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជានាពេលបច្ចុប្បន្ន និងតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិជនពិការ ក្នុងនោះវិស័យកីឡាជនពិការ ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញលើកស្ទួយឥតឈប់ឈរផងដែរ»

ក្នុងនាមថ្នាក់ដឹកនាំ SOC លោក សែម សុខា បានបង្ហាញសុទិដ្ឋិនិយម ចំពោះការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាការឆ្លើយតបនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសការលើកកម្ពស់ដល់ជនពិការ និងក្រុមគ្រួសារទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញឲ្យជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គមទៀតផង ពិសេសសកម្មភាពកីឡាផ្ទាល់តែម្ដង។

គួរដឹងថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ឆ្នាំ២០២២ នេះ គឺមានកីឡាករ-កីឡាការិនីស្ប៉េស្យាល់ និងអាណាព្យាបាលចូលរួមសរុប ២១៩នាក់មកពី ១៥រាជធានី-ខេត្ត ដែលធ្វើការប្រកួតលើ ៣ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម ៣វិញ្ញាសា, កីឡាបាល់ទាត់ ៥នាក់ម្ខាង និងកីឡាប៉ូលមាន ២វិញ្ញាសា រួមមានវិញ្ញាសា ១នាក់ ទល់ ១នាក់ និង ២នាក់ ទល់ ២នាក់៕