(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជម្រើសជើងឯកកម្ពុជា លីគ២ នឹងឈានចូលសប្តាហ៍ទី១៩ ចុងសប្តាហ៍នេះដោយមានក្រុមម្ចាស់ផ្ទះកោះកុងអេហ្វសុី នឹងត្រូវបើកទ្វារទទួលស្វាគមន៍ អគ្គិសនីកម្ពុជា នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ ​ក្នុងទឹកដីនៃកីឡដ្ឋាន វិទ្យាល័យតេជោសែន កោះកុង វេលាម៉ោង ១៥៖៤៥នាទីរសៀល។

អ្វីដែលសំខាន់នោះ កោះកុងអេហ្វសុី សប្តាហ៍ទី១៨ បានយកឈ្នះក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុបយូណាយធីត យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-៣ កាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា កន្លងទៅ នៃទឹកដីកីឡដ្ឋាន A.E.U​។​ កោះកុងអេហ្វសុី ឆ្លងកាត់១៨ប្រកួតមកនេះ ឈ្នះ១២ ស្មើ៣ ចាញ់៣ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ៣៩ពិន្ទុ។

ចំណែកឯក្រុមអគ្គិសនីកម្ពុជាវិញ សប្តាហ៍ទី១៨ បានយកឈ្នះ ក្រុមម្ចាស់ផ្ទះ ព្រៃវែងអេហ្វសុី​ នៅក្នុងលទ្ធផល ២-០ កាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា កន្លងទៅ នៃទឹកដីកីឡដ្ឋាន ខេត្តព្រៃវែង។ អគ្គិសនីកម្ពុជាឆ្លងកាត់១៨ប្រកួតកន្លងមកនេះ ឈ្នះ១៣ ស្មើ៣ ចាញ់២ និងកំពុងឈរនៅកំពូលតារាងលេខ១ និងមាន ៤២ពិន្ទុ។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង១២ នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ នោះរួមមាន៖

១៖ សៀមរាបអេហ្វស៊ី Vs​ ព្រៃវែងអេហ្វស៊ី
២៖ បន្ទាយមានជ័យអេហ្វស៊ី Vs នគរបាលជាតិ
៣៖ ISI ដង្កោសែនជ័យ Vs ខេត្តត្បូងឃ្មុំ
៤៖ សាលាកីឡាបាល់ទាត់ជាតិ Vs​ សូលទីឡូអង្គរ
៥៖ ណិចស្តិបអេហ្វស៊ី Vs អាស៊ីអឺរ៉ុបយូណាយធីត
៦៖ កោះកុងអេហ្វស៊ី Vs អគ្គិសនីកម្ពុជា ៕